(ភ្នំពេញ)៖ លោកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូតប្រទេសហ្វាំងឡង់ប្រចាំនៅកម្ពុជា ដែលទើបចូលកាន់តំណែង បានថ្លែងថា អ្នកវិនិយោគរបស់ហ្វាំងឡង់បានចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគលើវិស័យថាមពលនៅកម្ពុជា ជាពិសេស​ការប្រែក្លាយកាកសំណល់ទៅជាថាមពលអគ្គិសនី។

លោកស្រី Satu Suikkari-Kleven បានថ្លែងដូច្នេះក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ ជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនោះថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍ និងគាំទ្រជាខ្លាំង ចំពោះបំណងរបស់អ្នកវិនិយោគហ្វាំងឡង់ក្នុងការប្រែក្លាយ កាកសំណល់​នៅកម្ពុជា ទៅជាថាមពលអគ្គិសនី។

លោកទេសរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគហ្វាំងឡង់ ឲ្យមកសិក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីឈានទៅសម្រេច​បំណង​នៃការវិនិយោគនេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ជុំ សុន្ទរី។

លោកស្រី Satu Suikkari-Kleven ក៏បានបង្ហាញពីបំណងរបស់រដ្ឋាភិបាលប្រទេសហ្វាំងឡង់ ក្នុងការបង្កើនទំនាក់ទំនង​ធរុកិច្ចរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងការជំរុញអ្នកវិនិយោគហ្វាំងឡង់ ឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាផងដែរ។

ក្នុងជំនួបនាព្រឹកមិញនេះទាំងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី Satu Suikkari-Kleven សុទ្ធតែបានវាយតម្លៃខ្ពស់​ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងបានសន្យាធ្វើឲ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរ។

លោក ប្រាក់ សុខុន និង លោកស្រី Satu Suikkari-Kleven ក៏បានពិភាក្សាជំរុញបង្កើតកុងស៊ុលរបស់ហ្វាំងឡង់ប្រចាំ​នៅរាជធានីភ្នំពេញ ឲ្យបានឆាប់រហ័សផងដែរ ដើម្បីពង្រីកទំនាក់ទំនងប្រទេសឲ្យកាន់តែល្អប្រសើរ ព្រោះថាបច្ចុប្បន្ននេះ​ហ្វាំងឡង់ មិនទាន់មានស្ថានទូតនៅក្នុងរាជធានីភ្នំពេញនៅឡើយ គឺមានត្រឹមនិវេសនដ្ឋាននៅក្នុងប្រទេសថៃនៅឡើយ៕