(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុនចិន Shenzhen Win-Win Decoration & Designing ដឹកនាំដោយលោកស្រី Tao Jia ប្រធានក្រុមហ៊ុន នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ភាគីក្រុមហ៊ុន នៃប្រទេសមហាអំណាចមួយនេះ បានសម្លឹងឃើញតំបន់ឆ្នេរសមុទ្រកម្ពុជា ជាគោលដៅដ៏ល្អសម្រាប់ទេសចរចិន រាល់អំឡុងពេលរដូវត្រជាក់មកដល់។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា គំនិតវិជ្ជមានរបស់ភាគីចិននេះ ជាសញ្ញាដ៏ល្អមួយទៀត សម្រាប់ការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ដែលសុទ្ធតែមានប្រយោជន៍សម្រាប់គោលដៅ «កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិន ២លាននាក់ នៅឆ្នាំ២០២០» និងស្របជាមួយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក៏រឹតតែជួយជំរុញគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។

លោករដ្ឋមន្រ្តីបានថ្លែងប្រាប់លោកស្រី Tao Jia ពីឱកាសនៃការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ពិសេសនៅតំបន់កោះ តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយលោកបានកត់សម្គាល់ថា រាល់ពេលដែលរដូវត្រជាក់នៅប្រទេសចិនមកដល់ ទេសចរចិនជាង២លាននាក់ បានធ្វើដំណើរពីភាគខាងជើងប្រទេសចិន ទៅកាន់ភាគខាងត្បូងក្នុងទីក្រុងសាន់យ៉ា ដូច្នេះក្រុមហ៊ុនអាចពិនិត្យលទ្ធភាពសិក្សា ដើម្បីរៀបចំគម្រោងអភិវឌ្ឍទេសចរណ៍នៅតំបន់កោះ និងតំបន់ឆ្នេរ ដោយរៀបចំអភិឌ្ឍន៍ផលិតផលទេសចរណ៍ ជាផ្ទះទីពីរ សម្រាប់ទាក់ទាញទេសចរចូលនិវត្តន៍ មកពីចិននៅតំបន់ឆ្នេរឲ្យបានលឿន ខណៈដែលបច្ចុប្បន្ន គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបិរស្ថាន និងក្រសួងទេសចរណ៍ កំពុងរៀបចំផែនទីប្រើប្រាស់ដីតំបន់នេះ (Zoning)។ កិច្ចសហប្រតិប្តិការល្អនេះ នឹងផ្តល់កាលនុវត្តថ្មី ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី ពិសេសនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។

ជាការឆ្លើយតប ក្រុមហ៊ុនបានគាំទ្រនូវមតិរបស់លោករដ្ឋមន្ត្រី ថោង ខុន ដោយបានលើកឡើង ថាក្រុមហ៊ុនមានផែនការច្បាស់លាស់ និងសិក្សាលើកគម្រោងអភិវឌ្ឍ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយក្រុមហ៊ុនមិនត្រឹមតែគិតគូពីជំនួញប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវគិតគូដល់ការផ្តល់ផលប្រយោជន៍ទាំងសងខាង ដោយក្រុមហ៊ុននឹងនាំយកបទពិសោធន៍ការអនុវត្តជោគជ័យ ដែលក្រុមហ៊ុនបានធ្វើនៅខេត្តសិនហ្សិន ប្រទេសចិន មកជួយអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ ដោយក្នុងរយៈពេល៥ឆ្នាំ ក្រុមហ៊ុនលោកស្រី នឹងសាងសង់សណ្ឋាគារ តម្លៃសមរម្យឲ្យបាន ១០០កន្លែង នៅរាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ និងជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងភាសាចិន ដោយឥតគិតថ្លៃថែមទៀតផង។

លោករដ្ឋមន្ត្រីបានសម្ដែងការរីករាយ អបអរសាទរ គាំទ្រ និងបានណែនាំឲ្យក្រុមហ៊ុនមានការយកចិត្តទុកដាក់ខ្ពស់ និងដោយប្រុងប្រយ័ត្នបំផុត ចំពោះកិច្ចការការពារអភិរក្ស និងអភិវឌ្ឍតំបន់កោះផងដែរ ដោយត្រូវយកចិត្តទុកដាក់លើការការពារបរិស្ថានទាំងនៅលើកោះ និងនៅក្រោមសមុទ្រ ហោយលោកក៏ជឿជាក់ដែរថា ក្រុមហ៊ុន Shenzhen Win-Win Decoration & Designing ពិតជាមានបទសោធន៍ និងបច្ចេកទេសក្នុងការរៀបចំ និងអភិវឌ្ឍតំបន់កោះបានល្អ។

យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០១៦ ទេសចរចិនបានធ្វើដំណើរទៅកាន់ពិភពលោក ជាង១២៦លាននាក់ មកកាន់តំបន់អាស៊ាន ២០លាននាក់ ក្នុងនោះមកកម្ពុជា ៨០ម៉ឺននាក់។ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរចិន ជាង២៧ម៉ឺននាក់ ក្នុងកំណើន២៥%៕