(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានគោះជួងប្រកាសការបើកជួញដូរមូលប័ត្រ «កំពង់ផែស្វយ័តក្រុងព្រះសីហនុ» នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ។ ដូចនេះចាប់ពីថ្ងៃនេះតទៅ ភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រយងព្រះសីហនុ និងត្រូវចុះបញ្ជី នៅលើទីផ្សារគោល ហើយចាប់ដំណើរការផងដែរ។

កំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែអន្តរជាតិ តែមួយគត់របស់កម្ពុជា ដែលភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មតាមផ្លូវសមុទ្រ រវាងកម្ពុជា និងប្រទេសក្នុងតំបន់ និងសកលលោក និងជាជាក្រុមហ៊ុនទី៥ និងជាសហគ្រាសរដ្ឋទី៣ ដែលបានដាក់លក់មូលប័ត្រជាផ្លូវការ នៅលើទីផ្សារមូលប័ត្រកម្ពុជា។

នេះជាការផ្តល់សញ្ញាវិជ្ជមានមួយ ដល់វិនិយោគិនអំពីគុណភាព និងសក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជាមួយគ្នានេះដែរ លោក អូន ព័ន្ធមុនីរ័ត្ន បានរំពឹងថា ការជួញដូរមួលប័ត្រ នៅលើទីផ្សារនឹងមានការរីកចំរើន ដោយសារការផ្តល់ជម្រើសលើផលិតផលថ្មីសម្រាប់វិនិយោគិន និងដោយសារការកើនឡើងវិនិយោគិនថ្មីៗ លើកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ថ្លែងនៅក្នុងឱកាសនោះ រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យមើលយុទ្ធសាស្រ្ត ថ្មីៗបន្ថែមលើយុទ្ធសាស្រ្ត ដែលមានស្រាប់សំដៅបង្កើនចំនួនក្រុមហុនចុះបញ្ចី និងពង្រីកមូលដ្ឋានសកម្មភាពរបស់ ទីផ្សារមូលប័ត្រ។ លោករដ្ឋមន្រ្តីបានបន្តថា រាជរដ្ឋាភិបាល កំពុងពិនិត្យលើសហគ្រាសផ្សេងៗទៀត ដែលមាន គុណ សម្បត្តិ គ្រប់គ្រាន់ក្នុងការចុះបញ្ជី ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម។

ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធ ជាពិសេសគណៈកម្មការមូលប័ត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា បង្កើនការផ្សព្វផ្សាយបន្ថែមទៀត ពីអត្ថប្រយោជន៍ទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់ឲ្យក្រុមហ៊ុនចុះបញ្ជីនូអត្ថប្រយោជន៍ជាច្រើន។

ជាមួយគ្នានោះ លោក ហ៊ាន សាហ៉ីប រដ្ឋលេខាធិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានបញ្ចប់នីតិវិធីនៃការបោះផ្សាយមូលប័ត្រដោយជោគជ័យ ដើម្បីក្លាយជាក្រុមហ៊ុនទី៥ និងជាសហគ្រាសរដ្ឋទី៣ ​ដែលបានចុះបញ្ចីលក់បូលប័ត្រខ្លួនជាផ្លូវការ នៅលើទីផ្សារមូលប័ត្រកម្ពុជា។

លោកបានបន្ថែមថា ការបោះផ្សាយមូលប័ត្រនេះ នឹងធ្វើឲ្យកំពង់ផែក្រុងព្រះសីហនុ ទទួលបាននូវចរន្ត មូលធន មន្ថែមសម្រាប់ពង្រីកវិសាលភាពនៃប្រតិបត្តិការររបស់ខ្លួន និងពង្រឹងទំនុបចិត្ត និងការទទួលស្គាល់កាន់តែ ខ្លាំងក្លាយថែមទៀត ពីសំណាក់មហាជនជាតិ និងអន្តរជាតិ។

លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានវាយតម្លៃថា ស្ថានភាពនៅទីផ្សារក្នុងរយៈពេលជិត២ត្រីមាសដើមឆ្នាំ២០១៧នេះ ការជួញដូរផ្សារមូលប័ត្រកម្ពុជា ដូចជាមានសន្ទុះ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦។ ចំនួនគណនីជួញដូរបានកើនឡើង៧.៧១៣ គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០១៦ មក៨.៤៥៧ ក្នុងត្រីមាសទី២ នៃឆ្នាំ២០១៧។

លោកបានបន្តថា ត្បិតតួលេខនេះ នៅមានកម្រិតទាបទៅនឹងទីផ្សារមូលប័ត្រនៃប្រទេសក្នុងតំបន់ក៏ដោយ ក៏តួលេខនេះ បានបង្ហាញឃើញពីកំណើននៃការជួញដូរភាគហ៊ុននៅលើផ្សារមូលប័ត្រ។ ទាំងនេះបង្ហាញពីការចូលរួមវិនិយោគកាន់តែច្រើនពីសំណាក់មហាជន ដែលមានន័យថា កម្រិតយល់ដឹងរបស់សាធារណជន ក្នុងវិស័យមូលប័ត្រកាន់តែទូលំទូលាយ ហើយលទ្ធផលនេះ ក៏បានសរបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា ក្នុងការស្វែងរក និងផ្តល់នូវមធ្យោបាយនានា ដើម្បីងាយស្រួលដល់ការជួញដូរភាគហ៊ុន។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៥ហើយ បានចុះបញ្ជីក្នុងផ្សារមូលបត្ររួចហើយ ក្នុងនោះ មានរដ្ឋាករទឹកស្វ័យតភ្នំពេញ, ក្រុមហ៊ុន Grant tween international (Cambodia) PLC កំពង់ផែស្វយ័ត ភ្នំពេញ, ក្រុមហ៊ុន Phnom Penh SEZ PLC និងចុងក្រោយនេះ គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕