(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលបចេ្ចកវិទ្យា Samsung Tech Institute ជំនាន់ទី៤ បានបើកជាផ្លូវការ នៅឯវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងទីក្រុងភ្នំពេញ ដែលវគ្គបណ្តុះបណ្តាលនេះ បានឈានចូលជំនាន់ទី៤ ហើយគឺដើម្បីជំរុញលើកទឹកចិត្តដល់អ្នកដែលមានបំណងចង់ក្លាយជា អ្នកបច្ចេកទេសក្នុងពេលអនាគត។

Samsung Tech Institute ត្រូវបានបង្កើតទ្បើងដើម្បីដោះស្រាយកង្វះខាតនៃវិស្វករអេឡិចត្រូនិច នៅកម្ពុជា, ការយល់ដឹងអំពីចំណេះដឹងថ្មីៗទាក់ទងនឹងការជួសជុល ព្រមទាំងការថែទាំផលិតផលអេទ្បិកត្រូនិច ដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃផងដែរ។

នៅពេលដែលវគ្គបណ្តុះបណ្តាលនេះ ចាប់កំណើតទ្បើងក្នុងឆ្នាំ២០១៤ ជាពេលដំបូងបំផុតនៅកម្ពុជា ក្នុងការស្វែងយល់ពីតួនាទី របស់ក្រុមហ៊ុនសាមសុង ដែលយកចិត្តទុកដាក់​ លើកិច្ចការសង្គម និងផ្តល់ក្តីសង្ឃឹមក្នុងការជួយឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន។

ទស្សនៈចម្បង នៃក្រុមហ៊ុនសាមសុង គឺការប្តេជ្ញាចិត្តយ៉ាងមោះមុតចូលរួមផ្តល់ផលប្រយោជន៍ដល់សង្គម បណ្តុំគំនិតបង្កើតការផ្លាស់ប្តូរវិជ្ជមាន និងជួយឲ្យជីវិតរបស់មនុស្សកាន់តែប្រសើរឡើង ដោយគ្រប់កន្លែងដែលក្រុមហ៊ុនសាមសុងបើកដំណើរការ គឺមានគោលបំណងឲ្យក្លាយជាផ្នែកមួយរបស់សង្គម ដោយបង្កើតឲ្យមានភាពរីកចម្រើន និងឱកាសសម្រាប់ប្រជាជនក្នុងការបង្កើតសហគមន៍។ ក្រុមហ៊ុនសាមសុង ធ្វើដូច្នេះ បានប្រកបដោយទំនួលខុសត្រូវ ដោយផ្តោតសំខាន់លើវិសមភាព និងនិរន្តរភាពទៅអ្នកប្រើប្រាស់ទូទាំងសកលលោក។

លោក Seungho Choi នាយកគ្រប់គ្រងនៃសាមសុងសាខាកម្ពុជា បានឲ្យដឹងថា៖ «ធនធានមនុស្ស ជាធាតុផ្សំដ៏ចំបង ក្នុងការអភិវឌ្ឍសុខុមាលភាពនៃសេដ្ឋកិច្ច ហើយសាមសុងទទួលស្គាល់អំពី ភាពសំខាន់របស់មនុស្សនៅក្នុងវិស័យមុខជំនួញ ហើយនេះគឺជាអ្វីដែលយើងនៅទីនេះកំពុងជួយក្នុងការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាតាមរយៈ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា»

ការអភិវឌ្ឍនធនធានមនុស្ស ជាសកម្មភាពមួយដ៏សំខាន់ ចំពោះក្រុមហ៊ុនសាមសុង ក៏ដូចជាការលូតលាស់របស់សេដ្ឋកិច្​ចនៃប្រទេសកម្ពុជា។ និស្សិតចំនួ៨០នាក់ មកពីទូទាំងប្រទេសកម្ពុជា នឹងចូលរួមសិក្សាក្នុងឆមាសនេះ ដែលមានរយៈពេល៣ខែ ហើយវគ្គបណ្តុះបណ្តាលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៨ មិថុនានេះ។

សិស្សានុសិស្សទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សា ដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សពូកែចំនួន៨នាក់ នឹងទទួលបានឱកាសការងារ ព្រមទាំងការបណ្តុះបណ្តាលការងារ ពីបណ្តាញដៃគូក្រុមហ៊ុនធំៗជាច្រើន របស់ក្រុមហ៊ុនសាមសុងនៅកម្ពុជា៕