(សៀមរាប)៖ កម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ និងតំណាងកម្មវិធី​អភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានជួបពិភាក្សាគ្នា នៅលើទឹកដីខេត្តសៀមរាប ស្វែងរកដំណោះស្រាយលើបញ្ហាប្រែព្រួលអាកាសធាតុ ដែលបញ្ហាបម្រែបម្រួល អាកាសធាតុនេះកំពុងក្លាយជាក្តីកង្វល់ដ៏ធំមួយរបស់មនុស្សជាតិ នៅលើពិភពលោកនាពេលបច្ចុប្បន្ន។

កិច្ចពិភាក្សានេះត្រូវបានរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance: CCCA) មានរយៈ ពេលពីរថ្ងៃចាប់ពីថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០១៧។ កិច្ចពិភាក្សាធ្វើឡើងក្រោមប្រធានបទ «ចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តសកម្មភាពអាទិភាព និងយន្តការពង្រីកការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយជោគជ័យ»។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងគម្រោងចំនួន២២ ស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងជំនួយឥតសំណងរបស់កម្មវិធី CCCA និងពិភាក្សាអំពីយុទ្ធសាស្រ្ត ធានាបានការពង្រីកវិសាលភាពជោគ ជ័យ នៃគម្រោងជំនួយឥតសំណង សម្រាប់ឆ្លើយតបការប្រែប្រួល អាកាសធាតុនៅកម្ពុជា។

លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាពបានថ្លែងថា ក្រសួងស្ថាប័នរដ្ឋចំនួន១៤ បានទទួលមូលនិធិជំនួយឥតសំណងពីកម្មវិធី CCCA សម្រាប់អនុវត្តសកម្មភាពអាទិភាព ដូចមានក្នុងផែនការសកម្មភាព ឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ តាមវិស័យរបស់ខ្លួន ក្នុងនោះគម្រោងចំនួន៨ បានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៥ ចំណែកចំនួន៦ទៀត នៅឆ្នាំ២០១៧។

លើសពីនោះទៀត គម្រោងស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៨ ក៏បានទទួលមូលនិធិលើផ្នែកស្រាវជ្រាវ និងច្នៃប្រឌិត ដោយផ្តោតលើអាទិភាពប្រែប្រួលអាកាសធាតុ នៅឆ្នាំ២០១៦ ផងដែរ។ ហេតុនេះ ការចែករំលែកបទពិសោធន៍ទាំងនេះ មានសារៈសំខាន់ណាស់ ដើម្បីប្រមូលផ្តុំចំណុចនៃយុទ្ធសាស្រ្តសំខាន់ៗ ឈានឆ្ពោះទៅរកវិធីសាស្រ្តពង្រីកវិសាលភាពជោគជ័យ និងរួមបញ្ចូលមេរៀនពិសោធន៍ទាំងនោះ ទៅក្នុងគោលនយោបាយ និងផែនការរបស់រដ្ឋាភិបាល។

លោកអគ្គនាយក ក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការ ឱ្យមានការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ ទៅក្នុងយុទ្ធសាស្រ្ត តាមវិស័យ និងថវិកា ហើយគួរកាត់បន្ថយជាបណ្តើរៗ នូវផែនការ និងគម្រោងណាដែលដាច់តែឯង។

លោក Nick Beresford បានឆ្លុះបញ្ចាំងអំពីបទពិសោធន៍ចំនួន ដែលទទួលបានពីកម្មវិធី CCCA ដោយរួមបញ្ចូលទាំងតម្រូវការបន្ស៊ីគ្នា រវាងការងារតាមវិស័យ និងគម្រោងដើម្បីបង្កើនប្រសិទ្ធភាព។ បទពិសោធន៍ដែលទទួលបានពីការអនុវត្តផែនការសកម្មភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនេះ នឹងក្លាយជាធាតុចូលសំខាន់ សម្រាប់គោលនយោបាយប្រែប្រួលអាកាសធាតុ។

សិក្ខាសាលានេះ ត្រូវបានរៀបចំភាគច្រើនតាមរយៈការពិភាក្សា ដោយវគ្គទី១ បានផ្តោតលើការកំណត់អាទិភាពចាំបាច់ ដែលបានអនុវត្តកន្លងមក បញ្ហាប្រឈម និងវិធីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ វគ្គទី២ បានពិភាក្សាលើវិធីនានា ដើម្បីធានានិរន្តរភាពនៃគម្រោង ផែនការពង្រីកវិសាលភាពថា តើគួរត្រូវការវិនិយោគពីវិស័យសាធារណៈ ឬវិធីសាស្រ្តផ្អែកលើទីផ្សារ និងយុទ្ធសាស្រ្ត ដើម្បីធានានិរន្តរភាពនោះ។ ការឆ្លុះបញ្ចាំងអំពីការគ្រប់គ្រងគម្រោង ការអនុវត្ត និងការរាយការណ៍ ក៏ត្រូវបានពិភាក្សានៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងនេះផងដែរ។

កម្មវិធីទស្សនាសម្ភារៈទីផ្សាររបស់គម្រោងប្រែប្រួលអាកាសធាតុ ដែលមានឯកសារសង្ខេបគម្រោង និងឯកសារបោះពុម្ព ផ្សាយស្តីពី ចំណេះដឹងការប្រែប្រួលអាកាសធាតុ ក៏ត្រូវបានដាក់តាំងបង្ហាញ ដើម្បីផ្តល់ឱកាសសម្រាប់អ្នកចូលរួម ក្នុងការផ្លាស់ប្តូវិធីសាស្រ្ត និងរៀនសូត្រពីគ្នាទៅវិញទៅមក។  

សកម្មភាពមួយចំនួនដែលត្រូវតាមដានបន្ត រួមមាន៖ ១៖ ការភ្ជាប់គម្រោងជោគជ័យ ដោយមានប្រភពសក្តានុពលហិរញ្ញប្បទានជោគជ័យ (ថវិកាជាតិ ម្ចាស់ជំនួយ និងវិនិយោគិន) និង២៖ ការធានាបាននូវវេទិកាព័ត៌មានស្តីពី ការប្រែប្រួលអាកាសធាតុឆ្លើយតបនឹងតម្រូវការ និងសមស្របទៅតាមអ្នកប្រើប្រាស់៕