(បន្ទាយមានជ័យ)៖ ជនស្ស័យម្នាក់ចេញពីគុកមិនបានប៉ុន្មានថ្ងៃផង ហ៊ានធ្វើសកម្មភាពកាច់កម៉ូតូរហូតដល់៣លើក តែមិនបានសម្រេចត្រូវជាប់ខ្នោះរបស់សម​ត្ថកិច្ចក្រុងប៉ោយប៉ែត នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក សរ សុភក្រ្តា ប្រធានស្នាក់ការសន្តិសុខ៥៦៨ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ លីវ  ញឹម ហៅ ដេវីត (ស្វិត) ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានលួចកាច់សោរកម៉ូតូ១ គ្រឿងម៉ាកស្កុបពីពណ៌ស លាយខៀវ ស៊េរី២០១៤ គ្មានស្លាកលេខ ដែលមានលេខម៉ាស៊ីន MLHJF3620E5115962 នៅយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្សារត្រីស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ ប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ លីវ ញឹក ហៅដេវិត ហៅស្វិត និងបក្សពួក៤នាក់ ផ្សេងទៀត ត្រូវបានសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែតធ្លាប់ចាប់ខ្លួនបញ្ជូន ទៅតុលាការម្ដងហើយកាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៣ ពីបទលួចម៉ូតូ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ជនសង្ស័យរូបនេះទើបនឹងចេញពីពន្ធនាគារ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ថ្មីៗនេះ ហើយបានធ្វើសកម្មភាពលួចម៉ូតូចំនួន៣លើក លើកទី១៖ លួចម៉ូតូម៉ាកឃ្លិច ពណ៌ស នៅចំណុចផ្សារត្រី ស្ថិតក្នុងក្រុងប៉ោយប៉ែតតែត្រូវបានម្ចាស់ ដេញទាន់ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់, លើកទី២៖ ក្នុងថ្ងៃដដែលជនសង្ស័យបានលួចម៉ូតូម៉ាកឃ្លិច នៅហាងការហ្វេ នៅចំណុចផ្សារអគ្គ ស្ថិតក្នុងប៉ោយប៉ែត ហើយត្រូវបានម្ចាស់ដេញតាមរហូតដល់ចំណុចផ្សារកណ្ដាល ស្ថិតក្នុងក្រុងប៉ោយប៉ែតជនសង្ស័យបានផ្ដួលម៉ូតូចោលហើយ បានរត់គេចខ្លួនដោយសុវត្ថិភាពទៀត ហើយនៅ, លើកទី៣៖ នេះនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្សារត្រី ក្រុងប៉ោយប៉ែតជនសង្ស័យ បានលួចម៉ូតូម៉ាកស្កុបពី ពណ៌ស លាយខៀវ ស៊េរី២០១៤ ហើយយកទៅលាក់ទុកនៅចំណុច សាលារៀន២ជាន់ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជនសង្ស័យបានដើរទៅរកអ្នកទិញ ប៉ុន្តែត្រូវបានសមត្ថកិច្ចអាវុធហត្ថស្នាក់ការសន្តិសុខ៥៦៨ ធ្វើការឃាត់ខ្លួន ដោយយោងតាមពាក្យបណ្ដឹងរបស់ ជនរងគ្រោះឈ្មោះពុំ តេ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត  ហើយបាននាំ ជនសង្ស័យទៅយកម៉ូតូដែលលួចបានហើយយកទៅលាក់នៅសាលា២ ជាន់ទៀតផង។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឲ្យដឹងថា ក្រោយពីការសាកសួរចម្លើយរបស់សមត្ថកិច្ចជំនាញរួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូពិតបាកដមែន។

ឆ្លើយបំភ្លឺរបស់ដើមបណ្ដឹង និងមានចម្លើយសារភាពរបស់ជនសង្ស័យទៀតផងនោះ ជនសង្ស័យ គឺពិតជាបានប្រព្រឹត្តអំពើលួចម៉ូតូ ដោយពុំរាងចាល ដូច្នេះសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីដាក់ទោសតាមផ្លូវច្បាប់ចំណែកម៉ូតូ ត្រូវបានប្រគល់ឲ្យម្ចាស់ ដើមវិញហើយដែរ៕