(សេអ៊ូល)៖ មន្ត្រីនៃការិយាល័យ​ប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae បាននិយាយថា សកម្មភាព​នៃការដាក់ពង្រាយ​ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD ដែលជាកិច្ចព្រមព្រៀង​រវាងរដ្ឋាភិបាលអាណត្តិ​មុន​របស់កូរ៉េខាងត្បូង ជាមួយនឹងសហរដ្ឋអាមេរិកនោះ គួរតែត្រូវធ្វើការពន្យាពេលសិនចាប់ពីឥឡូវនេះទៅ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន យ៉ុនហាប់ នាល្ងាចថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។

លោក Cheong បានសង្កត់ធ្ងន់​ប្រាប់សារព័ត៌មាននានា​នៅថ្ងៃពុធនេះថា «យើងមិនមែន​តម្រូវឲ្យ​ប្រព័ន្ធជើង​ទម្រ និងឧបករណ៍​ដែលត្រូវបានបំពាក់រួចហើយមួយចំនួននោះ ធ្វើការដកចេញ​នោះទេ។ ប៉ុន្តែសម្រាប់​ឧបករណ៍​ផ្សេងទៀត ដែលគ្រោងនឹង​ត្រូវធ្វើការដាក់ពង្រាយ គួរតែត្រូវផ្អាក​ជាបណ្តោះអាសន្ន»។ ការធ្វើ​បែបនេះត្រូវបាន​សារព័ត៌មាននានាចុះផ្សាយថា ដោយសារតែ​រដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងត្បូង នៅមានរឿង​លាក់បាំងមួយចំនួន​នឹងរដ្ឋាភិបាលអាណត្តិថ្មី ជុំវិញប្រព័ន្ធ THAAD ដ៏ចម្រូងចម្រាសនេះ។

គួរបញ្ជាក់ថា មានការស៊ើបអង្កេតមួយកំពុងតែត្រូវបានធ្វើឡើង ដោយក្នុងនោះរួមមានទាំង​ការចោទប្រកាន់​មន្ត្រីក្រសួងការពារជាតិ​កូរ៉េខាងត្បូងម្នាក់ថា បានលាក់លាម​ចំពោះការលួចនាំចូលជើង​ទម្រមីស៊ីល THAAD ចំនួនបួនគ្រឿងទៀត​ពីអាមេរិក ដោយសារតែ​មិនចង់ឲ្យមានការរិះគន់ខ្លាំងឡើង ព្រមទាំងការចោទប្រកាន់ថា​ វានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ ជុំវិញបញ្ហានេះដែរ ការិយាល័យ​ប្រធានាធិបតី​​កូរ៉េខាងត្បូង​បានចេញបញ្ជាឲ្យ​​ក្រសួងការពារជាតិ ធ្វើការបំពាក់គ្រឿង​ការពារបរិស្ថានឲ្យបានពេញលេញ ចំពោះ THAAD ដែលត្រូវបានដាក់ពង្រាយរួចមកហើយ៕