(កោះកុង​)៖ បុរសម្នាក់ ត្រូវម៉ូតូសង្កត់ស្លាប់ក្នុងប្រឡាយខណៈស្រវឹងខ្លាំង ជិះលឿនជ្រុលចង្កូតបុកខឿនរបងផ្ទះប្រជាពលរដ្ឋ រួចធ្លាក់ប្រឡាយ នៅម៉ោង៣ទៀបភ្លឺថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចផ្លូវកែង ជិតប៉ុស្តិ៍រដ្ឋបាលក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង។

បើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បុរសដែលគ្រោះថ្នាក់បាត់បង់ជីវិតក្នុងហេតុការនោះឈ្មោះ ឃឿន ពិសិទ្ធ អាយុ២៩ឆ្នាំ មានមុខរបរជា អ្នករត់ម៉ូតូឌុប មានប្រពន្ធឈ្មោះ ផ្លុង បូរី អាយុ២៦ឆ្នាំ មានចំណងដៃកូន២នាក់ និងមានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

អាជ្ញាធរដដែល បានបន្តទៀតថា បើតាមសម្តីរបស់ប្រពន្ធជនរងគ្រោះ បានប្រាប់ថាប្តីគាត់ចេញទៅផឹកជាមួយមិត្តភក្ភិតាំងពីក្បាល់ប្រលប់ តែមិនឃើញមកផ្ទះទេ គាត់ក៏មិនបានទូរស័ព្ទសួរដែរព្រោះនេះជាទម្លាប់ដល់តែយប់ កើតហេតុ មិនឃើញប្តីគាត់មកដល់ផ្ទះ លុះព្រឹកឡើង មានគេមកប្រាប់គាត់ថា ប្តីបានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាច ទើបមកមើលឃើញប្តីស្លាប់ក្នុងទឹកប្រឡាយដោយម៉ូតូសង្កត់ ពីលើក្បាលលិចទឹកបាត់ជាប់ របងខឿនផ្ទះអ្នកស្រុក។

បើតាមសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះបើកបរ ក្នុងស្ថានភាពស្រវឹងជោគជាំហើយក្នុងល្បឿនលឿន បើកពីទិសខាងលិចមក ទិសខាងកើត ក្នុងបំណងទៅផ្ទះ ពេលមកដល់ចំណុច កើតហេតុត្រង់ចំណុចផ្លូវកែង បានជ្រុលហួសផ្លូវទៅបុកផ្លាកបរិស្ថានដួល ហើយហោះ ទៅបុកខឿន របងផ្ទះអ្នកស្រុក ធ្លាក់ក្នុងទឹកប្រឡាយ ហើយត្រូវម៉ូតូកិនជាប់ពីលើហើយផ្នែកក្បាល ត្រូវបែកយ៉ាងធ្ងន់ធ្ងរ និងករត្រូវបាក់ ទៀតទើបបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

យោងតាមការធ្វើកោសលវិច្ច័យរបស់ក្រុមលោកគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារក្បាលបុក និងវត្ថុរឹងហើយ ក្នុងលក្ខណៈ មានជាតិអាកុលក្នុងខ្លួនទៀតផង។ សមត្ថកិច្ចបញ្ជាក់ថា យប់ថ្ងៃកើតហេតុមានភ្លៀងធ្លាក់ខ្លាំង តាំងពីព្រលប់រហូតដល់ភ្លឺ ទើបពុំមានអ្នកចាប់អារម្មណ៍ រហូតដល់ព្រឹក ពេលឃើញសពទើបមានការភ្ញាក់ផ្អើល។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕​​​