(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី សេរី កុសល ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន អមដោយមន្ត្រីជំនាញអាជ្ញាធរមីន បានទៅចូលរួមកិច្ចប្រជុំអន្តរជាតិស្តីពី «Intersesional Meeting» នៅទីក្រុងហ្ស៊ឹណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការចូលរួមពីបណ្តាប្រទេសជារដ្ឋភាគី និងមិនមែនភាគីនៃអនុសញ្ញាអូតាវ៉ា និងស្ថាប័ន-អង្គការ ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន។

កិច្ចប្រជុំលក្ខណៈអន្តរជាតិស្តីពី «Intersesional Meeting» បង្កើតឡើងក្នុងគោលបំណង ដើម្បីធានាឲ្យបាននូវការអនុវត្ត និងប្រសិទ្ធភាព នៃអនុសញ្ញាហាមប្រាមប្រើប្រាស់គ្រាប់មីន ប្រឆាំងមនុស្ស ពិសេសកិច្ចប្រជុំនឹងផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការលើការជួយ ដល់ជនរងគ្រោះថ្នាក់ដោយសារមីន។ កិច្ចប្រជុំក៏ផ្តល់នូវឱកាសដល់ ប្រតិភូមកពីប្រទេសផ្សេងៗ ធ្វើការចែករំលែកនូវបទពិសោធន៍ទំាងក្នុងតំបន់ និងសាកល ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹង និងបង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តអនុសញ្ញាហាមប្រាមប្រើប្រាស់ គ្រាប់មីនប្រឆាំងមនុស្ស និងការអនុវត្តផែនការ Mapoto ស្តីពីកិច្ចសង្គ្រោះជនពិការដោយសារមីន ក៏ដូចជា ពិភាក្សាលើបញ្ហាចម្បងសំខាន់ៗ ដើម្បីធ្វើឲ្យមានភាពប្រសើរឡើង នៃសកម្មភាពមនុស្សធម៌នេះ។

លោកទេសដ្ឋមន្ត្រី សេរី កុសល នឹងឡើងធ្វើសេចក្តីថ្លែងការណ៍អំពីវឌ្ឍនភាព នៃការអនុវត្តអនុសញ្ញា ហាមប្រាមប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ការអនុវត្តផែនការ សកម្មភាព Mapoto ស្តីពីកិច្ចជួយដល់ជនរងគ្រោះថ្នាក់ ដោយសារមីន បញ្ហាចម្បងនានា និងផែនការអនុវត្តបន្តនាពេលអនាគត ជូនដល់បណ្តាប្រទេសនានាផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយតំណាងមកពីបណ្តាប្រទេសផ្តល់ជំនួយ និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ន-អង្គការពាក់ព័ន្ធ នឹងវិស័យសកម្មភាពមីនមីន ដើម្បីលើកំពស់ទំនាក់ទំនង និងបង្កើននូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ ការគៀងគរ ធនធានលើវិស័យសកម្មភាពមីន និងកិច្ចសង្គ្រោះជនពិការ ដោយសារមីនផងដែរ៕