(ភ្នំពេញ)៖ បន្ទាប់ពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញលិខិតកោះហៅលោក ជា លីម ដែលធ្លាប់ជាម្ចាស់យានយន្ត Toyota Camry ពាក់ស្លាកលេខភ្នំពេញ 2C-3636 ឲ្យទៅបង់ប្រាក់ពិន័យ កណីរបើកបរលើសល្បឿនកំណត់នោះ លោកបានចេញបដិសេធថា បច្ចុប្បន្នលោកមិនមែនជាម្ចាស់កម្មសិទ្ធិរថយន្តនេះទៀតឡើយ ព្រោះលោកបានលក់រថយន្ត Camry នេះ ឲ្យទៅឃ្លាំងលក់រថយន្ត ហាក់ ស្រ៊ុន កាលពីឆ្នាំ២០០៦ រួចហើយ។

ជាមួយនឹងការបដិសេធនេះលោក ជា លីម បានអំពាវនាវឲ្យម្ចាស់រថយន្តថ្មីខាងលើ ដែលបានទិញរថយន្តពីឃ្លាំងលក់រថយន្ត ហាក់ ស្រ៊ុន ត្រូវរួសរាន់ទៅបង់ប្រាក់ពិន័យ តាមការកំណត់របស់ច្បាប់ ដើម្បីជៀសវាងកុំឲ្យមានបញ្ហានៅពេលក្រោយ។

លិខិតអញ្ជើញរបស់នគរបាលចរាចរណ៍ បានបញ្ជាក់ថា ទីតាំងដែលម្ចាស់រថយន្ត Camry ពាក់ស្លាកលេខ ភ្នំពេញ 2C-3636 បានបើកបរលើសល្បឿន កំណត់នោះ គឺនៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ០១-០២ ស្ថិតនៅសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅវេលាម៉ោង ៩៖២៥នាទី ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ។

សាមីខ្លួនដែលបច្ចុប្បន្នជាម្ចាស់ខាងលើ អាចទៅបង់ប្រាក់ផាកពិន័យនៅទីតាំង ចំនួន៣ រួមមាន៖

១៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក (ក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ) លេខទូរសព្ទ ០៧៧ ២៧៥ ២៥៧ និង ០៧៨ ៤៤៥ ៤៤៥
២៖ ទីស្នាក់ការការនគរបាលនគរបាលចរាចរណ៍ផ្លូវគោក ជាប់របងខាងត្បូងសាលាបឋមសិក្សាចតុមុខ លេខទូរសព្ទ ០១២ ៥៦៥ ៤១៩ និង ០៨៩ ២២២ ៩៥៩
៣៖ ទីស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ស្ពានអាកាស៧មករា ជាប់ប៉ុស្ដិ៍នគរបាលទឹកល្អក់ទី១ លេខទូរសព្ទ ០៨៥ ៦១៧ ៧៧៦ និង ០១៧ ៧៥៧ ៥៩៧។

លិខិតខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា «ក្នុងករណីមិនបានទៅបង់ប្រាក់ពិន័យ រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានលិខិត ចំនួននៃប្រាក់ពិន័យនឹងត្រូវដំឡើងទ្វេដង, បើលើសពី៦០ថ្ងៃ ត្រូវដំឡើងប្រាក់ពិន័យ ៣ដង, បើលើសពី៩០ថ្ងៃ ត្រូវរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ»

ដូច្នេះ សូមសាមីខ្លួនរួសរាល់អញ្ជើញទៅបង់ប្រាក់ពិន័យតាមការជម្រាបជូនដូចខាងលើ តាមស្មារតីគោរពច្បាប់៕