(ភ្នំពេញ)៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប) ​លោក ​ហង្ស ​ពុទ្ធា ​បាន​ថ្លែងប្រាប់​សារព័ត៌មាន ​Fresh ​News ​នៅ​ព្រឹក​ថ្ងៃទី០៧ ​ខែមិថុនា ​ឆ្នាំ២០១៧នេះ​ថា ​ក្រោយពី​ការប្រកាស​លទ្ធផល​ផ្លូវការ ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ​អាណត្តិ​ទី៤ ​រយៈពេល៤៥ថ្ងៃ ​ក្រសួងមហាផ្ទៃ ​នឹង​ចាប់ផ្ដើម​ធ្វើការ​ផ្លាស់ប្ដូរ​មេឃុំ​-​ចៅសង្កាត់​អាណត្តិ​ថ្មី ​នៅ​ទូទាំង​ប្រទេស​។

បើ​តាម​លោក ​ហង្ស ​ពុទ្ធា ​ចំពោះ​លទ្ធផល​ផ្លូវការ​យ៉ាងណា​នោះ ​នៅ​មិនទាន់​បង្ហាញ​នៅឡើយ​ទេ ​ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃទី០៦ ​ខែមិថុនា ​ម្សិលមិញ​នេះ ​លទ្ធផល​បោះឆ្នោត​ដែល ​គ.ជ.ប ​មិនទាន់​ទទួល​បាន​ពី​ថ្នាក់ក្រោម​ជាតិ​របស់​ខ្លួន​នោះ ​នៅសល់​តែ​ប្រមាណ១០ឃុំ​ទៀត​តែប៉ុណ្ណោះ ​ខណៈ​មន្រ្តី​គ្រប់​លំដាប់ថ្នាក់​នៃ ​គ.ជ.ប ​និង​ដៃគូ​នានា ​កំពុង​ដុតដៃដុតជើង​សម្រុក​ធ្វើការងារ​ឲ្យបាន​ចប់​សព្វគ្រប់​។

* លទ្ធផល​ផ្លូវការ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ត្រូវ គ.ជ.ប ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ក្រោយ​ពេល​ដោះស្រាយ​បណ្ដឹង​រួច​រាល់។

លោក ​ពុទ្ធា ​ថ្លែង​យ៉ាង​ដូច្នេះ​ថា ​«​រយៈពេល៤៥ថ្ងៃ ​ក្រោយ​ការប្រកាស​លទ្ធផល​ផ្លូវការ ​នៃ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ​គេ​នឹង​ធ្វើការ​ផ្លាស់ប្ដូរ​មេឃុំ​-​ចៅសង្កាត់​ថ្មី​ហើយ ​ដែល​ការងារ​នេះ ​ជា​សមត្ថកិច្ច​របស់ក្រ​សួង​មហាផ្ទៃ ​ប៉ុន្តែ​ការផ្លាស់ប្ដូរ​យឺត ​ឬ​លឿន​យ៉ាងណា​នោះ ​គឺ​អាស្រ័យ​ទៅតាម​ការរៀបចំ​របស់​ឃុំ​-​សង្កាត់​នី​មួយ​ៗ​»​។

លទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-សង្កាត់ អាណត្តិទី៤ បានបង្ហាញថា ក្នុងចំណោមឃុំ-សង្កាត់ទាំង ១,៦៤៦ នៅទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជាទទួលបាន ១,១៦៣ឃុំ-សង្កាត់ ដោយនៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោតនេះ ខណៈគណបក្សសង្គ្រោះជាតិទទួលបានត្រឹមតែ ៤៨២ឃុំ-សង្កាត់ប៉ុណ្ណោះ និងគណបក្សខ្មែររួបរួមជាតិ ក៏ទទួលបាន១ឃុំ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់ ស្មើនឹង ៨៩.៥២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ដែលមានចំនួន ៧,៨៦៥,០៣៣នាក់៕