(ភ្នំពេញ)៖ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានការពិភាក្សាគ្នាយ៉ាងផុសផុលក្នុងបណ្តាញហ្វេសប៊ុកអំពីលទ្ធផលឆ្នោត និងស្ថានភាពរបស់គណបក្ស នយោបាយនីមួយៗ ប៉ុន្តែមានចំណុច២ ដែលមិត្តក្នុងហ្វេសប៊ុកគ្រប់និន្នាកាលនយោបាយត្រូវទទួលស្គាល់គឺ (១) គណបក្សប្រជាជនកម្ពុជានៅតែឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកនេះ និង (២) គណបក្សសង្រ្គោះជាតិបានកើនអាសនៈ តែថយសម្លេងឆ្នោតគាំទ្រជាងឆ្នាំ២០១៣។

មូលហេតុដែលយកឆ្នាំ២០១៣ជាឆ្នាំគោល ពីព្រោះវាគឺជាឆ្នាំដំបូងនៃការប្រមូលផ្តុំកម្លាំងអ្នកនយោបាយដែលមិនមែនជាគណបក្សប្រជាជន។ ឆ្នាំ២០១៧នេះ ដើម្បីងាកចេញពីចំណុចខ្សោយក្នុងការប្រយុទ្ធនៅកម្រិតមូលដ្ឋាន អ្នកយុទ្ធសាស្ត្ររបស់គណបក្សសង្រ្គោះជាតិ និងឃោសនិករបស់ខ្លួនបានបង្វែរអារម្មណ៍អ្នកបោះឆ្នោតពីការបោះឆ្នោតកម្រិតមូលដ្ឋាន ទៅជាការបោះឆ្នោតថ្នាក់ជាតិ។ ពេលបោះឆ្នោតឃុំសង្កាត់គេនិយាយពីថវិកាអភិវឌ្ឍឃុំ គេនិយាយពីការបំពាក់អាវុធទំនើបដល់កងទ័ព គេនិយាយពីរឿងព្រំដែន គេនិយាយពីរឿងជាតិសាសន៍ ដែលមិនមែនជារឿងនៅមូលដ្ឋាន ហើយគេក៏មិនអនុញ្ញាតឱ្យបេក្ខជនកាន់ក្បាលមេក្រូឃោសនានោះទេ គឺមេបក្សតែម្តងដែលជាអ្នកឃោសនា។ គណបក្សដទៃក៏បានធ្វើដូចគ្នាដែរ។ តាមការសាកសួរ គឺមានអ្នកបោះឆ្នោតច្រើនជាង ៩០% ដែលមិនបានស្គាល់បេក្ខជនក្រុមប្រឹក្សាឃុំរបស់ខ្លួននោះឡើយ ជាពិសេសបេក្ខជនមកពីគណបក្សសង្រ្គោះជាតិ រីឯអារម្មណ៍លេខ ៤ និងលេខ ៧ នៅឆ្នាំ២០១៣ គឺនៅដក់ក្នុងខ្លួនរបស់អ្នកបោះឆ្នោតនៅឡើយ។ អ្នកដែលមិនអស់ចិត្តឆ្នាំ២០១៣ ក៏បានខិតខំអស់កម្លាំងកាយចិត្តរៀងៗខ្លួន ក្នុងការជួយគណបក្សរបស់ខ្លួន តែមិនមែនជួយបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ណាមួយឡើយ។

ទោះបីជាយ៉ាងណាខ្ញុំគោរពសិទ្ធិបុគ្គលដែលមានសម្មានចិត្តគាំទ្រគណបក្សនានា ដែលគាត់អាចយល់ផ្សេងគ្នា ហើយអាចប្រើគ្រប់វិធីសាស្ត្រដើម្បីរក្សាសន្ទុះទឹកចិត្តអ្នកស្មោះស្មគ្ររបស់ខ្លួនដើម្បីត្រៀមឆ្នាំ២០១៨ ដែលនេះគឺជាសិទ្ធិរបស់គាត់។ ប៉ុន្តែមានចំណុចមួយ ដែលខ្ញុំគិតថាយើងត្រូវទទួលស្គាល់គឺថា ពេលនេះ យើងមានច្បាប់បោះឆ្នោតថ្មី មាននីតិវិធីថ្មី មានបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី និង គជប ថ្មី ដែលមានគ្រប់សមាសភាពគណបក្សនយោបាយ។ អ្វីៗដែលថ្មីនេះគឺជាសមិទ្ធិផលរបស់អ្នកយុទ្ធសាស្ត្រនៃគណបក្សទាំង២ក្នុងកំឡុងពេលចរចា ក្នុងពេលតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិសម្រាប់គ្រប់គ្រងការបោះឆ្នោតលើកនេះ និងឆ្នាំក្រោយ។ ដូច្នេះគេមិនត្រូវបង្កើតការសង្ស័យលើសមិទ្ធិផលរបស់ខ្លួននោះទេ។ ហើយតាមរយៈអ្វីៗដែលថ្មីនេះ លើកនេះគណបក្សប្រជាជននៅតែឈ្នះការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ដដែលទេ។ ការថយចុះអាសនៈ តែឈ្នះការបោះឆ្នោតទាំងមូល មិនមែនមានន័យថាចាញ់ការបោះឆ្នោតមួយនោះទេ។ ការកើនឡើងអាសនៈ ក៏មិនមែនមានន័យថាឈ្នះការបោះឆ្នោតមួយនោះដែរ។ ដូច្នេះបុគ្គលនីមួយៗ ជាពិសេសបញ្ញាវ័ន្ត ឬអ្នកវិភាគសង្គមគួរទប់អារម្មណ៍ផ្ទាល់ខ្លួនរៀងៗខ្លួន ហើយប្រើពាក្យឱ្យចំៗ ថាគណបក្សណាឈ្នះច្រើន គណបក្សណាឈ្នះតិច ឬគណបក្សណាចាញ់។

សម្រាប់គណបក្សប្រជាជនបើទោះបីជានៅបន្តឈ្នះឆ្នោត ប៉ុន្តែសម្លេងឆ្នោតចុងក្រោយនេះ គឺជាទិន្នន័យបន្ថែមសម្រាប់គណបក្សយកមកវិភាគ និងបំពេញបន្ថែមចំណុចខ្វះខាតរបស់ខ្លួន។ នៅប្រទេសប្រជាធិបតេយ្យ គណបក្សកាន់អំណាចតែងតែយកការបោះឆ្នោតពាក់កណ្តាលអាណត្តិ ធ្វើជាមូលដ្ឋានសម្រាប់វាស់ប្រជាប្រិយភាព និងសកម្មភាពរបស់ខ្លួន និងកែប្រែយុទ្ធសាស្ត្រ ឬសកម្មភាពរបស់ខ្លួន មុននឹងចូលប្រកួតការបោះឆ្នោតធំនៅពេលខាងមុខ។ ដូច្នេះគណបក្សកាន់អំណាចតែងតែអរគុណដល់ម្ចាស់ឆ្នោតទាំងអស់ដែលនៅបន្តគាំទ្រខ្លួន និងអ្នកដែលផ្ញើរសាក្រើនរំឮកមកគណបក្សកាន់អំណាច។

ដូចគ្នាសម្រាប់គណបក្សប្រឆាំងនៅបរទេស និងជាក់ស្តែងនៅកម្ពុជាយើងនាឆ្នាំ១៩៩៣ដែរ គឺលទ្ធផលឆ្នោតថ្ងៃទី៤ ខែមិថុនានេះ គឺជាពេលវេលាដែលបក្សសង្រ្គោះជាតិសាកល្បងរែកពន់អម្រែកពិត ជាពិសេសអម្រែក នៃការដោះស្រាយបញ្ហាសេវាសាធារណៈនៅក្នុងឃុំសង្កាត់ និងការសន្យា ៥០ម៉ឺនដុល្លារអាមេរិកក្នុង១ឃុំសង្កាត់ (នៅកន្លែងខ្លះ ហ៊ានសន្យារហូតដល់ទៅ១លានដុល្លារក្នុង១ឃុំ) សម្រាប់ឃុំសង្កាត់ដែលខ្លួនឈ្នះឆ្នោត។ បើគណបក្សនេះបានតែថា ហើយធ្វើការមិនមានប្រសិទ្ធិភាព ប្រជាពលរដ្ឋនឹងបោះបង់ចោលគណបក្សនេះវិញ ដូចដែលគណបក្សហ៊្វុនស៊ិនប៉ិកធ្លាប់ស្គាល់រសជាតិនេះនាពេលកន្លងមក។ កន្លងមកប្រជាពលរដ្ឋ ជាពិសេសបញ្ញវ័ន្ត និងអ្នកវិភាគសង្គម ដែលប្រកបដោយវិចារណញ្ញាណពិតប្រាកដ ភាគច្រើនមិនទាន់ហ៊ានលើករឿងតម្លាភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ ឬការប្រើប្រាស់ថវិកាដែលគណបក្សសង្រ្គោះជាតិរៃអង្គាសសម្រាប់យកមកបង្កើតទូរទស្សន៍ព្រះអាទិត្យ ឬប្រើប្រាស់ក្នុងការបោះឆ្នោតឃុំសង្កាត់ ដោយខ្លាចរងការចោទប្រកាន់ថា ជាមនុស្សរបស់គណបក្សប្រជាជន។ ប៉ុន្តែដើម្បីសម្រួចគណបក្សសង្រ្គោះជាតិឱ្យត្រៀមខ្លួនកាន់តែល្អ និងស្អាតស្អំដូចដែលបញ្ញាវ័ន្ត ឬអ្នកវិភាគសង្គមភាគច្រើនចង់បាននោះ ខ្ញុំជឿថាប្រជាពលរដ្ឋ និងបញ្ញាវ័ន្ត ក៏ដូចជាអ្នកវិភាគសង្គមរបស់យើងនឹងចាប់ផ្តើមប្រើប្រាស់វិចារណញ្ញាណរបស់ខ្លួន សួរនាំរឿងនេះជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ឬបេក្ខជនសង្រ្គោះជាតិនៅក្នុងវេទិការណាមួយសមស្របជាក់ជាពុំខាន។ ខ្ញុំមិនជឿថាបញ្ញាវ័ន្ត និងអ្នកវិភាគសង្គមមើលរំលងចំណុចនេះ ដែលជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យរឹងម៉ាំមួយនោះឡើយ។ ចំណុចប្រឈម ឬវិញ្ញាសាសាកល្បងសម្រាប់គណបក្សសង្រ្គោះជាតិ គឺពិតជាមានច្រើនសម្រាប់ពីពេលនេះ ដល់ខែកក្កដា ឆ្នាំ២០១៨។

យើងទាំងអស់គ្នាគឺជាអ្នកប្រយុទ្ធក្នុងសមរភូមិប្រជាធិបតេយ្យ។ ក្នុងនាមជាអ្នកស្មោះស្មគ្រគណបក្សនីមួយៗយើងបានតស៊ូ ប្រកួតប្រជែងគ្នាលើសៃវៀនប្រជាធិបតេយ្យរួចហើយ។ គ្រប់គ្នាពិតជាធ្វើបានល្អហើយ។ ហើយខ្ញុំជឿថាគ្រប់គ្នានឹងហ៊ានទទួលយកលទ្ធផលលើកនេះ។ លទ្ធផលនេះគឺល្អសម្រាប់ខ្មែរទាំងអស់គ្នា។ គ្មានគណបក្សណាមួយចាញ់នោះទេ... គណបក្សនីមួយៗ មានហេតុផលសមរម្យក្នុងការបកស្រាយទៅសមាជិករបស់ខ្លួន។ លទ្ធផលនេះនឹងធ្វើឱ្យគ្រប់គណបក្សនយោបាយខិតខំបន្ថែមទៀត!

ឥឡូវដល់ពេលយើងផឹកតែ កាហ្វេ និងហូបអាហារឆ្ងាញ់ជាមួយគ្នាក្រោមដំបូលសន្តិភាពក្នុងនាមជាខ្មែរ វិញ មិនមែនក្នុងនាមជាសមាជិកគណបក្សនេះ ឬគណបក្សនោះទៀតឡើយ។ ឥឡូវដល់ពេលដែលយើងត្រូវធ្វើខ្លួនជាមន្ត្រីរាជការល្អ បុគ្គលិកល្អ ឱពុកល្អ ម្តាយល្អ ប្តីល្អ ប្រពន្ធល្អ កូនល្អ តាមតួនាទីរៀងខ្លួនវិញហើយ។ ចាំឆ្នាំ២០១៨ ចាំយើងឡើងសៃវៀនម្តងទៀត ដើម្បីការពារ និងលើកតម្កើងបុព្វហេតុ និងជំនឿរបស់យើងរៀងៗខ្លួន ដែលគ្រប់បុព្វហេតុ និងជំនឿរបស់យើងគឺត្រូវតែជាប្រយោជន៍រួមសម្រាប់ខ្មែរ! ហើយក៏សូមមេត្តាអ្នកសរសេរយុទ្ធសាស្ត្ររបស់គណបក្សទាំងឡាយ កុំសរសេរកុហកហួសហេតុពេកប្រសិនជាអាច :-)

ដោយ៖ ភ្នំប្រុស