(ភ្នំពេញ)៖ លោក សួង ម៉េងឡុង តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារយុវជនក្រសួងសង្គមកិច្ច បានលើកឡើងថា កីឡាគ្រប់ប្រភេទ គឺនាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព សម្រាប់យើងទាំងអស់គ្នា មិនថាពេលណាទីណាក៏ដោយ។

លោក សួង ម៉េងឡុង បានបន្តថា ជាក់ស្តែងការប្រកួតបាល់ទាត់ មិត្តភាព រវាងក្រុមការងារយុវជនក្រសួងនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងជ្រើសរើសយកកីឡាករល្អៗ និងមានសមត្ថភាព តាមអង្គភាពនីមួយៗ ដែលនៅស្ថិតក្រោម ចំណុះរបស់ក្រសួង ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងការប្រកួតបាល់ទាត់ដណ្តើមយកពានរង្វាន់ យុវជនអន្តរក្រសួងនា ពេលខាងមុខ។

លោក សួង ម៉េងឡុង លើកឡើងបែបនេះ ខណៈលោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់ វគ្គផ្តាច់ព្រាត់ ដើម្បីដណ្តើមយកពានរង្វាន់កីឡាបាល់ទាត់ យុវជនក្រសួងសង្គមកិច្ច នៅទីលានបាល់ទាត់ Super Soccer Club ស្ថិតនៅខណ្ឌច្បារអំពៅ នាល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ។

ប្រធានក្រុមការងារយុវជនក្រសួងសង្គមកិច្ច បានឲ្យដឹងទៀតថា ការប្រកួតនេះ ទោះបីក្រុមមួយណាឈ្នះឬចាញ់ ក៏ដោយ កុំបីមានការអាក់អន់ចិត្តឡើយ សំខាន់គឺការដកស្រង់យកបទពិសោធន៍ បច្ចេកទេសគ្នាទៅវិញទៅមក និងត្រូវ ជ្រើសរើសយកកីឡាករដែលល្អៗតាមអង្គភាពនីមួយៗ យកមកហ្វឹកហាត់បន្ថែមទៀត ដើម្បីចូលរួមក្នុងការប្រកួត ជាមួយ ក្រុមបាល់ទាត់យុវជនរបស់ក្រសួងដទៃទៀត ឆ្ពោះទៅកាន់ការដណ្តើមយកជ័យលាភីឲ្យខាងតែបាន។

លោកបានបន្តថា ការប្រកួតនេះ បានបង្ហាញពីការចងនូវសម្ព័ន្ធភាព ទំនាក់ទំនងល្អ និងមានការសាមគ្គីភាពល្អ របស់ក្រុមបាល់ទាត់យុវជន តាមបណ្តាអង្គភាពដែលចំណុះក្រោមក្រសួងតែមួយ។

ឆ្លៀតក្នុងឱកាសនោះ ប្រធានក្រុមការងារយុវជនក្រសួងសង្គមកិច្ច លោក សួង ម៉េងឡុង ក៏បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារយុវជនដែលបានខិតខំរៀបចំការប្រកួតមិត្តភាពនេះ ឡើងប្រកបដោយភាពជោគជ័យ និងមានការចូលរួមដ៏ច្រើនកុះករពីសមាជិកសមាជិកាក្រុមការងារយុវជនសង្គមកិច្ច និងមន្រ្តីរាជការតាមអង្គភាព ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករខិតខំប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត ដើម្បីដណ្តើមយកជ័យជំនះរៀងៗខ្លួន។

ក្រុមកីឡាករយុវជន របស់ក្រសួងសង្គមកិច្ច ដែលបានចូលរួមប្រកួតមាន ៧ក្រុមរួមមាន ក្រុមទី១ អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ក្រុមទី២ អគ្គនាយកដ្ឋានបច្ចេកទេស ក្រុមទី៣ បេឡាជាតិអតីតយុទ្ធជន ក្រុមទី៤ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល ក្រុមទី៥ វិទ្យាស្ថានជាតិសង្គមកិច្ច ក្រុមទី៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រុមទី៧ មូលនិធិជនពិការ។

ការប្រកួតរវាងក្រុមនីមួយៗ គឺត្រូវបានចាប់ផ្តើមប្រកួតយ៉ាងស្វិតស្វាញចាប់តាំងពី ថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ២០១៧ រហូតឈានមកដល់វគ្គផ្តាច់ព្រាត់នៅថ្ងៃនេះ គឺក្រុមបាល់ទាត់យុវជនបេឡាជាតិអតីតយុទ្ធជនត្រូវប្រកួត ជាមួយ ក្រុមបាល់ទាត់យុវជនអគ្គនាយកដ្ឋានបច្ចេកទេស ដើម្បីដណ្តើមយកជ័យលាភីលេខ១ និងលេខ២។

ជាមួយគ្នានោះ លោក សួង ម៉េងឡុង បានផ្តាំផ្ញើដល់កីឡាករទាំងអស់ ក៏ដូចជាយុវជនដទៃទៀត ត្រូវចូលរួម ហាត់កីឡាឲ្យបានច្រើន ដើម្បីសុខភាពរបស់ខ្លួន និងត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងឡាយ ដែលនាំឲ្យប៉ះពាល់ដល់ខ្លួនឯង គ្រួសារ មិត្តភក្តិ និងសង្គមជាតិទាំងមូល។

ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករ នៅវគ្គផ្តាច់ព្រាត់នេះ លោកប្រធានក្រុមការងារ បានប្រគល់ ពានរង្វាន់ មិត្តភាពក្រុមបាល់ទាត់យុវជនក្រសួងសង្គមកិច្ច ចំនួន១ និងថវិកា២លានរៀល ដល់ក្រុមដែលទទួលបាន ជ័យលាភីលេខ១ និងក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា១លានរៀលផងដែរ។ លទ្ធផលក្រុមកីឡាករបាល់ទាត់យុវជនបេឡាជាតិអតីតយុទ្ធជនបានយកឈ្នះក្រុមកីឡាករបាល់ទាត់យុវជនអគ្គនាយកបច្ចេកទេស_៣ទល់នឹង១៕