(ត្បូងឃ្មុំ)​៖ នៅរសៀលថ្ងៃទី​ ៦​ ខែមិថុនា​ ឆ្នាំ២០១៧​ នេះ កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានចាត់ឱ្យ លោក​វេជ្ជ.​ អ៊ុយ​ សំអាត​ នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទ ក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ជាមួយក្រុមគ្រួសារសព និងបាននាំយកបច្ច័យ​ គ្រឿងឧបភោគ-បរិភោគ ទៅចូលរួមបុណ្យ​ ៧ថ្ងៃ​ សពលោកអនុសេនីយ៍ទោ​ សេង​ សុកែម​  អាយុ​ ៥៣ឆ្នាំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលម្លូ​រ​ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដែលបានទទួលមរណភាពកាលពីថ្ងៃទី​ ៣​ ខែមិថុនា​ ឆ្នាំ២០១៧​ ដោយគេលួចធ្វើឃាតដោយអាករ​ ក្នុងពេលកំពុងបំពេញភារកិច្ចរក្សាសន្តិសុខ មុនថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី​ ៤​។

ពិធីបុណ្យ បានធ្វើនៅគេហដ្ឋានសព​ ស្ថិតនៅភូមិវាលម្លូ​រ ឃុំវាលម្លូ​រ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព​ដែលបានបាត់បង់សាច់ញាតិជាទីស្រឡាញ់​ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ សេង​ សុកែម​ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕