(ភ្នំពេញ)៖ ខណៈដែលពិធីករដ៏ល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ CTN លោក អ៊ិត សេដ្ឋា បានទទួលមរណភាព កាលពីពេលថ្មីៗកន្លងមកនេះ គេសង្កេតឃើញមាន អ្នកសិល្បៈរួមអាជីព មិត្តរួមការងារ ថ្នាក់ដឹកនាំ និងមហាជនជាច្រើនបានសម្តែងអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះដំណឹងដ៏ក្រៀមក្រំ និងមិននឹកស្មានដល់មួយនេះ។ ប៉ុន្តែមហាជនមួយចំនួន បានបង្ហាញពីអារម្មណ៍ងឿងឆ្ងល់ថា ហេតុអ្វីបានជាពិធីការិនី ជាដៃគូដ៏ល្បី គឺអ្នកនាង យុគ ចិន្តា មិនឃើញចូលរួមក្នុងពិធីបុណ្យសពនេះ ឬមួយក៏មានបញ្ហាអ្វីកើតឡើង?

ដើម្បីស្រាយចម្ងល់ និងការរិះគន់ពីសំណាក់មហាជន អ្នកនាង យុគ ចិន្តា បានចេញមុខបញ្ជាក់ថា ការអវត្តមានមិនបានចូលរួម ពិធីបុណ្យសពរបស់លោក អ៊ិត សេដ្ឋា គឺដោយសារហេតុផល តែម្យ៉ាងគត់ គឺដោយសារខ្លួនកំពុងស្នាក់នៅក្រៅប្រទេស ពោលគឺចេញទៅសម្តែងនៅសហរដ្ឋអាមេរិក ទើបមិនបានចូលរួម។

អ្នកនាង យុគ ចិន្តា បាននិយាយថា «ប្អូនស្ដាយណាស់ ដែលមិនបានមកចូលរួម ជូនដំណើរបងមុនដង្ហើមចុងក្រោយ ស្តាយណាស់ដែលមិនមានឱកាស ជួបមុខបងជាចុងក្រោយ រួមការងារជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំ បងជាដៃគូការងារដ៏ល្អបំផុត ជាបងប្រុសដ៏ល្អម្នាក់ ដែលមិនរួញរានឹងការងារ អត់ធ្មត់គ្រប់បែបយ៉ាង សែនមហាសោកស្ដាយ ដែលបងចាកចោលប្អូន ដោយមិនមានពាក្យលា អារម្មណ៍ប្អូននៅឆ្ងាយតែការនឹករឭកពីអនុស្សាវរីយ៍ ការងារល្អៗជាច្រើន ដែលពួកយើងបានធ្វើជាមួយគ្នា កន្លងមកពេលនេះបងលាចាកលោកហើយ!»

អ្នកនាង យុគ ចិន្តា បានបន្ថែមថា «ពេលនេះ ប្អូនកំពុងតែស្នាក់នៅរដ្ឋម៉ាសាយូសេត ទីក្រុងឡូវែល ដើម្បីអង្គាសថវិកា ដើម្បីជួយដល់ក្រុមគ្រួសារបងហើយ ៣ថ្ងៃទៀត ប្អូននឹងបន្តស្នាក់នៅរដ្ឋតិចសាស់ ចំនួន១សប្ដាហ៍ ប្អូននឹងត្រឡប់ទៅប្រទេសកម្ពុជាវិញ ប្អូននឹងប្រមែប្រមូលបច្ច័យទាំងអស់ជូនដល់បង សូមលោកអ្នកមេត្តា បរិច្ចាគថវិកាតាមរយៈទូរស័ព្ទ របស់ម្តាយខ្ញុំនៅសហរដ្ឋអាមេរិក តាមរយៈលេខ ៨៣២៣ ៥១០ ២៤១ លាហើយបងប្រុសជាទីស្រឡាញ់ លាហើយដៃគូដ៏កម្សត់កម្រ លាដោយគ្មានថ្ងៃវិលត្រឡប់វិញ។ សូមដួងវិញ្ញាណក្ខន្ធបងប្រុស បានទៅសោយសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ!»

សូមបញ្ជាក់ថា លោក អ៊ិត សេដ្ឋា បម្រើការងារនៅក្រុមហ៊ុន CBS ដែលមានទូរទស្សន៍ CTN CNC MyTV CTN International  និង OneTV។ លោកបានទទួលមរណភាព ក្នុងជន្មាយុ៤៩ឆ្នាំ ដោយរោគាពាធ នាពេលថ្មីៗនេះ បន្សល់ទុកកូនកំព្រាតូចៗ ប្រុសស្រី៣នាក់ គ្មានទីពឹងគ្មានផ្ទះសម្បែង និងគ្មានថវិកា សម្រាប់ទ្រទ្រង់ជីវភាពនោះទេ៕