(ភ្នំពេញ)៖ ក្រុមហ៊ុន អ័រគីដេវីឡា និង ក្រុមហ៊ុនសាងសង់ CHINA CONSTRUCTION (S.E.A) នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ បានហត្ថលេខា លើកិច្ចសន្យាសាងសង់អគារ «អ័រគីដេ ឌឹរ៉ូយ៉ាល់ខុនដូមីនីម» (Orkide The Royal Condominium ) មួយទៀត នៅបណ្តោយផ្លូវ ២០០៤ ក្បែរសាលាអន្តរជាតិណរប្រ៊ីដ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយ លោកស្រី ខៀវ សរស៊ីលៀប អគ្គនាយិកាប្រតិបត្តិទូទៅ តំណាងឲ្យក្រុមហ៊ុន អ័រគីដេវីឡា និង លោក Zhang Zongshuo ជានាយកគ្រប់គ្រង (Chairman) នៃក្រុមហ៊ុនសាងសង់ CHINA CONSTRUCTION (S.E.A)។

លោកស្រី ខៀវ សរស៊ីលៀប បានបញ្ជាក់ថា ពិធីដ៏មានតម្លៃនេះ មិនត្រឹមជាការរៀបចំឡើង ដើម្បីចុះហត្ថលេខានៃការសាងសង់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញឲ្យឃើញ ជាសាធារណៈ អំពីការយកចិត្តទុកដាក់ខ្ពស់របស់ ក្រុមហ៊ុន អ័រគីដេវីឡា ក្នុងការជ្រើសយកក្រុមហ៊ុនសាងសង់សំណង់ អគារខុនដូរបស់ខ្លួន ប្រកបដោយស្តង់ដាអន្តរជាតិ និងភាពទទួលខុសត្រូវ និងជឿទុកចិត្តខ្ពស់បំផុត មកធ្វើជាដៃគូសហការក្នុងការសាងសង់សំណង់ ឲ្យមានភាពរឹងមាំស្របតាមស្តង់ដាអន្តរជាតិជូនដល់អិថិជនដែលគាំទ្រក្រុមហ៊ុន អ័រគីដេវីឡា ឲ្យមានភាពកក់ក្តៅបន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា អគារខុនដូ ORKIDE THE ROYAL CONDOMINIUM បានសម្ភោធបើកលក់ជាផ្លូវការ កាលពីថ្ងៃទី0៥ ខែតុលា ឆ្នាំ២០១៦ ដោយបច្ចុប្បន្ន បានកំពុងបើកលក់អាគារទី៣ របស់ខ្លួន ខណៈអគារទី១ និងទី២ បានលក់អស់ក្នុងចំណោមអាគារចំនួន៦ ដែលមានអាងហែលទឹកទំហំ១ហិកតា សួនលំហែកាយ ៣.២ហិកតា ផ្សារទំនើបខ្នាតអន្តរជាតិ ចំនួន២ជាន់ ព្រមទាំងទីកន្លែងកំសាន្តជាង១០០កន្លែង ជាច្រើនទៀត។ អ្វីដែលពិសេសៗ ទាំងអស់នេះ បានទាមទារឲ្យក្រុមហ៊ុន អ័រគីដេវីឡា ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីការសាងសង់ ដើម្បីឲ្យសម្រេចគម្រោងរបស់ខ្លួនក្នុងពេលឆាប់ៗនេះ៕