(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ពីមូលហេតុយឺតយ៉ាវ នៃការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ លើទូរទស្សន៍ជាតិកម្ពុជា (ទទក) និង Page Facebook «អ្នកនាំពាក្យ គ.ជ.ប» ខណៈឃុំ-សង្កាត់ ដែលត្រូវបានផ្សាយរយៈពេល២ថ្ងៃមកនេះ ទើបតែបាន ៦១៩ឃុំ-សង្កាត់ប៉ុណ្ណោះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប។

សេចក្ដីជូនដំណឹងរបស់គ.ជ.ប បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានភាពរអាក់រអួល និងយឺតយ៉ាវ ក្នុងការផ្សាយលទ្ធផលបឋមនេះ ដោយសារបញ្ហា៣សំខាន់ក្នុងនោះ រួមមាន៖
១៖ ការបញ្ជូនទិន្នន័យពីឃុំ-សង្កាត់ មកកាន់ គ.ជ.ប តាម Internet មានភាពរអាក់រអួល និងយឺតយ៉ាវ
២៖ រូបភាពកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ដែលផ្ញើមកពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) មានភាពមិនច្បាស់លាស់
៣៖ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យរាប់សន្លឹកឆ្នោត ក៏មិនមានភាពបំពេញពេញលេញទៀត។

ការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ តាមទូរទស្សន៍ជាតិកម្ពុជា នៅទីស្ដីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដែលធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ផ្ដើមពីម៉ោង ៨៖៣០នាទីយប់ ដល់ម៉ោង ១២៖៤០នាទី រំលងអធ្រាត្រ ផ្សាយបានចំនួន ៣៥៣ឃុំ-សង្កាត់។ ដោយឡែក នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ទូរទស្សន៍ជាតិកម្ពុជា ក៏បានបន្តផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតនេះជាបន្តទៀត ដោយចាប់ផ្ដើមពីម៉ោង ១១៖០០ព្រឹក ដល់ម៉ោង ១៖០០រសៀល ផ្សាយបានចំនួន ២៦៦ឃុំ-សង្កាត់។ សរុបការផ្សាយលទ្ធផលបឋម ដែលជាការជូនព័ត៌មាន អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ផ្សាយបានចំនួន «៦១៩ឃុំ-សង្កាត់» ក្នុងចំណោមឃុំ-សង្កាត់ចំនួន ១,៦៤៦ នៅទូទាំងប្រទេស។

គ.ជ.ប បានបញ្ជាក់ថា ដោយសារមូលហេតុខាងលើនេះ ការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតតាមទូរទស្សន៍ជាតិកម្ពុជា មិនបន្តបានទៀតទេ ប៉ុន្តែការផ្សាយលទ្ធផលបឋមនេះ នៅតែបន្តផ្សាយតាមគេហទំព័ររបស់ គ.ជ.ប (www.voterlist.org.kh) រហូតដល់ចេញផ្សាយលទ្ធផលផ្លូវការ។

សូមជម្រាបថា នៅថ្ងៃទី០៥ ខែមិថុនា ម្សិលមិញ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ជាថ្មីពីចំនួនប្រជាជន ដែលបានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថា មានចំនួនរហូតដល់ ៧,០៤០,៥៩៤នាក់ ស្មើនឹង ៨៩.៥២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ចំនួន ៧,៨៦៥,០៣៣នាក់៕