(ញូដេលី)៖ មនុស្សយ៉ាងតិច​ ១០នាក់ បន្ថែមទៀតបានស្លាប់ ដោយសារអាកាសធាតុក្តៅ​ខ្លាំងពេក​ នៅតាមតំបន់ជាច្រើន​នៃរដ្ឋ Uttar Pradesh ភាគខាងជើង​​នៃ​ប្រទេស​ឥណ្ឌា​​ក្នុង​អំឡុងពេល​២៤ម៉ោងចុងក្រោយនេះ ដែលធ្វើឲ្យចំនួនសរុបនៃអ្នកស្លាប់ ដោយរលកកម្តៅ​ក្នុងឆ្នាំ២០១៧នេះ កើនឡើងដល់ ៥០នាក់។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅ​រ​សៀល​​​ថ្ងៃអង្គារ​ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។

អាជ្ញាធរឥណ្ឌាបាន​ឲ្យដឹងថា ចំនួនអ្នកជំងឺជាមួយអាការៈគ្រុនក្តៅ រាគរូស ក្អួតចង្អោ និងក្តៅល្ហិត​ល្ហៃ បាននិងកំពុងកើនឡើង​នៅតាម​មន្ទីរពេទ្យទូទាំង​រដ្ឋ Uttar Pradesh ខណៈតំបន់ Bundelkhand មានមនុស្សស្លាប់​ចំនួនបួននាក់នោះ បានទទួលរងការកើន​ឡើងកម្តៅដ៏អាក្រក់​ជាងគេ គឺ​មាន​សីតុណ្ហ​ភាពជាមធ្យម​ដល់ទៅ ៤៧អង្សាសេ ​នៅ​តាម​សង្កាត់​ជាច្រើន ខណៈក្មេងៗ​ចំនួន០៦នាក់ទៀត​បានបាត់បង់ជីវិត​នៅក្នុងតំបន់ Avadh ដោយសារតែ​​អាកាសធាតុក្តៅខ្លាំង។

រីឯសង្កាត់ Banda និងទីក្រុង Mahoba កំពុងតែបន្តទៅ​ស្ថិតក្រោមការកើនឡើង​កម្តៅ ដែលពុំធ្លាប់ជួបប្រទះ​ពីមុនមកឡើយ ហើយស៊ីតុណ្ហភាព​កំពុងស្ថិតនៅ ៤៦អង្សាសេ នៅក្នុងទីក្រុង Etawah, Mainpuri, Unnao, Kanpur, Lucknow, Hardoi, Auraiyya, និងសង្កាត់ Fatehpur ខណៈបណ្តា​សង្កាត់មួយចំនួនផ្សេង​ទៀត នៅភាគខាងលិចរដ្ឋ Uttar Pradesh នៅតែបន្តក្តៅ​ហួតហែងដដែល ជាមួយស៊ីតុណ្ហភាព​អតិបរមា​​​ ៤២អង្សា​សេ។

គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០១៧នេះ មនុស្ស៤០នាក់បានស្លាប់នៅ​​ក្នុង​រដ្ឋ Telangana ភាគខាងត្បូង​ប្រទេស បន្ទាប់ពីប្រជាជន​ឥណ្ឌា​ចំនួន​ជិត ៥០០នាក់ បានបាត់បង់ជីវិត​​ដោយសារតែការ​កើនឡើង​កម្តៅ​ដល់​ទៅ​ ៥១អង្សាសេកាលពីឆ្នាំ២០១៦ និងមនុស្ស​មិនតិច​ជាង ២,៥០០នាក់​នោះ​ឡើយ​​​បាន​ស្លាប់​កាល​ពីរដូវក្តៅ​​ក្នុងឆ្នាំ២០១៥៕