(ភ្នំពេញ)៖ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិ (International Day of YOGA) នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និង​ខេត្ត​សៀមរាប ដែលមានការចូលរួមពីភ្ញៀវទេសចរជាច្រើនជាតិសាសន៍ ក្នុងគោលបង្ហាញទៅកាន់ពិភពលោក ឲ្យបានឃើញពីសក្ដា​នុពលនៃ​វិស័យ​ទេសចរណ៍ និងទីក្រុងបេតិកភណ្ឌរបស់កម្ពុជា និងបានស្គាល់ពីកម្ពុជាកាន់តែច្បាស់។

ទិវាអន្តរជាតិនេះ ចូលរួមរៀបចំដោយក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និង​ក្រុម​ហ៊ុន Smart ដែលមិនត្រឹមតែបានចូលរួមជំរុញវិស័យទេសចរណ៍កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលបំផុសបំផុលប្រជាពលរដ្ឋខ្មែរ ក៏ដូច​ជា​ប្រជាពលរដ្ឋបរទេស ចូលរួមហាត់កីឡាកាយសម្ព័ន្ធមួយនេះទាំងអស់គ្នា ដើម្បីសុខភាព និងបង្កើនមិត្តភាព ទំនាក់ទំនងរវាង​ប្រជាជាតិ​នីមួយៗ​។

លោក រ៉ាជី គូម៉ា លេខាធិការទី២នៃស្ថានទូតឥណ្ឌា បានលើកឡើងក្នុងសន្និសីទនៅស្ថានទូតឥណ្ឌា នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ឲ្យដឹងថា ការរៀបចំទិវាយោគៈអន្តរជាតិនេះ នឹងធ្វើឡើងចំនួន២ថ្ងៃ រួមមាន៖ ថ្ងៃទី១៖ ធ្វើនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ និងថ្ងៃទី២៖ ធ្វើនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ និងឆ្នេរសុខា ខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែមិថុនា ដែលព្រឹត្តិការណ៍នេះ មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌប្រចាំកម្ពុជា។   

លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍យោគៈអន្តរជាតិនេះ គឺដើម្បីធ្វើយ៉ាងណា​ផ្សព្វផ្សាយបន្ថែមទៀត ទៅដល់ភ្ញៀវទេសចរអំពីតំបន់ទេសចរណ៍ និងសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា តាមរយៈការប្រារព្ធ​ព្រឹត្តិការណ៍នៅទីតាំងល្បីល្បាញ នៃតំបន់ទេសចរណ៍ធំៗ ក្នុងនោះរួមមាន ប្រាសាទអង្គរ ឆ្នេរសមុទ្រ និងក្នុងរាជធានីភ្នំពេញនេះជាដើម។

លោកអនុរដ្ឋលេខាធិការ បានបន្តថា ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កម្ពុជាបានរៀបចំ​ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើន ដើម្បីជំរុញ និងទាក់ទាញភ្ញៀវទេសចរពីប្រទេសនានាជុំវិញពិភពលោក ឲ្យបានស្គាល់ និងមក​ទស្សនាកម្ពុជាកាន់តែច្រើនឡើងៗ តួយ៉ាងដូចជាភ្ញៀវទេសចរឥណ្ឌានេះជាដើម ពីព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ឥណ្ឌាបានចេញ​ទស្សនាក្រៅប្រទេសយ៉ាងច្រើន ពោលជាទីផ្សារទេសចរដ៏ធំមួយលើពិភពលោក។

លោក សូ វិសុទ្ធី បានបញ្ជាក់ថា ព្រឹត្តិការណ៍យោគៈអន្តរជាតិ ត្រូវបានរៀបចំឡើងដោយតភ្ជាប់ជាមួយសន្និសីទអន្តរជាតិលើកដំបូងស្ដីពី និរន្តរភាពនៃវិស័យទេសចរណ៍ និងទីក្រុងបេតិកភណ្ឌ ដែលនឹងត្រូវបានចូលរួមដោយរដ្ឋមន្រ្តីទេសចរណ៍ នៅក្រោមក្របខណ្ឌកិច្ច​សន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី (ACD= Asian Cooperation Dialogue) ពីបណ្ដាប្រទេសជាង៣០ ព្រមទាំងដៃគូជាច្រើនទៀត។

លោក អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ បានថ្លែងថា ក្រៅពីចូលរួមជំរុញ និងផ្សព្វផ្សាយពីវិស័យ​ទេសចរណ៍​កម្ពុជា ឲ្យពិភពលោកបានស្គាល់កាន់តែច្រើន ព្រឹត្តិការណ៍យោគៈអន្តរជាតិ ក៏បានរួមចំណែកបំផុសបំផុលឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវ​ទេសចរបរទេស បានចូលរួមហាត់កីឡាកាយសម្ព័ន្ធមួយនេះផងដែរ ដើម្បីសុខភាពរឹងមាំ និងបង្កើនទំនាក់ទំនងរវាងគ្នានឹងគ្នាផងដែរ ព្រោះព្រឹត្តិការណ៍ដ៏ធំនេះ មានការចូលរួមច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ។

លោកអគ្គនាយករងបានបន្តថា ទាំងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ក្រសួងអប់រំបានជ្រើសរើស​សិស្សានុសិស្ស​ជាងច្រើនរយនាក់ ឲ្យចូលរួមហាត់យោគៈ ក្នុងទិវាយោគៈអន្តរជាតិនេះផងដែរ។

សូមជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០១៤ នៅក្នុងសន្និបាតអង្គការសហប្រជាជាតិ សមាជិកចំនួន ១៩៣ប្រទេស បានអនុម័តសេចក្ដី​សម្រេចរួមគ្នាមួយ ដោយជ្រើសយក ថ្ងៃទី២១ ខែមិថុនា ជាថ្ងៃនៃទិវាយោគៈអន្តរជាតិ។ ចំណែកនៅប្រទេសកម្ពុជា ក្រោមការសហការ​រវាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងអប់រំ និងដៃគូនានា ទិវាយោគៈអន្តរជាតិនេះ ត្រូវបានរៀបចំឡើង​ដោយ​ទទួលបានជោគជ័យចំនួន ២ឆ្នាំ មកហើយ នៅឆ្នាំ២០១៥ និងនៅឆ្នាំ២០១៦៕