(ភ្នំពេញ)៖ កុមារតូចអាយុក្រោម៦ ឆ្នាំ និងអាណាព្យាបាល ដែលបានចូលរួមក្នុងកម្មវិធី «អំណានដំបូង» ទទួលបានឱកាសអានសៀវភៅ និងធនធានផ្សេងទៀត ដែលជួយឲ្យពួកគាត់ ត្រៀមខ្លួនបានល្អប្រសើរ សម្រាប់ការចូលរៀនថ្នាក់ទី១របស់កូនៗគាត់ នេះបើយោងតាមទីប្រឹក្សាកម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូច នៃអង្គការ Save the Children ។

កុមារអាចចាប់ផ្តើមរៀនតាំងពីតូចៗទៅ ប៉ុន្តែកុមារជាច្រើននៅក្នុងប្រទេសកម្ពុជា មិនមានឱកាសអភិវឌ្ឍជំនាញដែលជួយឲ្យគាត់រៀនសូត្រឆាប់ចេះនោះទេ ។ យោងតាមស្ថិតិរបស់រាជរដ្ឋាភិបាល មានកុមារតិចជាង៤២% ដែលបន្តចូលរៀនរហូតដល់បញ្ចប់ថ្នាក់ទី៩ តាមការកំណត់របស់រដ្ឋ ហើយមានកុមារប្រមាណ ២២% ប៉ុណ្ណោះដែលទទួលបានការអប់រំ និងអភិវឌ្ឍន៍កុមារតូច ហើយ មានការស្រាវជ្រាវនៅទូទាំងពិភពលោក ដែលបង្ហាញយ៉ាងច្បាស់ថា កុមារដែលទទួលបានការអប់រំពីតូចទៅ អភិវឌ្ឍចំណេះដឹងបានលឿនជាង និងល្អជាងកុមារដែលមិនបានទទួលការអប់រំពីតូច នៅពេលចាប់ផ្តើមចូលសាលា ។

កម្មវិធី «អំណានដំបូង» ជាកម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូចនៅផ្ទះ យ៉ាងល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ ដែលលើកកម្ពស់មាតាបិតា និងអាណាព្យាបាលកុមារ ឲ្យចូលរួមចំណែកសំខាន់ ក្នុងការអភិវឌ្ឍជំនាញអក្ខរកម្មសំខាន់ៗ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់ការសិក្សារបស់កុមារនៅពេលអនាគត ។ ក្រុមគ្រួសារដែលបានចូលរួមជាមួយ កម្មវិធី «អំណានដំបូង» ទទួលបានសម្ភារៈសម្រាប់ហាត់រៀនអានដែលមានគុណភាព និងសមស្របតាមកម្រិតអាយុរបស់កុមារ ដែលជួយឲ្យកុមាររៀនព្យញ្ជនៈ ប្រកបពាក្យ និងចំណេះដឹងមូលដ្ឋានផ្សេងទៀត ។

អ្នកស្រី ខូយ រ៉ានី ទីប្រឹក្សាកម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូច នៃអង្គការ Save the Children បានថ្លែងថា៖ «កម្មវិធី អំណានដំបូង មានគោលបំណងអភិវឌ្ឍកុមារ ដើម្បីឲ្យពួកគាត់ អាចត្រៀមខ្លួនបានល្អសម្រាប់ការចូលរៀនបឋមសិក្សាថ្នាក់ទី១ ។ សម្រាប់កុមារដែលបានចូលរួមក្នុងកម្មវិធីនេះ នៅពេលចាប់ផ្តើមចូលរៀន គឺគាត់ស្គាល់សៀវភៅ ចេះកាន់ខ្មៅដៃ គាត់ស្គាល់អក្សរមួយចំនួន គាត់ចេះរាប់លេខបានខ្លះៗ ហើយគាត់ចេះលេងជាមួយមិត្តភ័ក្តិដោយមិនបង្កជម្លោះ និងចេះរៀនសូត្រពីគ្នា» ។

អ្នកស្រី ខូយ រ៉ានី បន្ថែមទៀតថា៖ «ជាក់ស្ដែង យើងឃើញស្រាប់ហើយ នៅទីនេះក្តី ឪពុកម្ដាយគាត់ប្រាប់យើងថា កាលពីមុនគាត់អត់ដឹងថា ត្រូវជួយកូនគាត់យ៉ាងម៉េចទេ ។ ប៉ុន្តែ ដល់ពេលចូលរួមជាមួយនឹងកម្មវិធីយើង គាត់បានចំណេះដឹងក្នុងការជួយបង្ហាត់បង្ហាញកូនគាត់ ដោយប្រើប្រាស់សៀវភៅ ក្នុងការជួយកូនឲ្យមានទម្លាប់ ចូលចិត្តសៀវភៅ ស្គាល់ពណ៌ ស្គាល់អក្សរ ហើយ
បន្ទាប់ពីការអនុវត្តកម្មវិធីបានបីឆ្នាំដំបូង ៨០% នៃឪពុកម្តាយ និងអាណាព្យាបាលកុមារដែលចូលរួមក្នុងកម្មវិធី «អំណានដំបូង» បានរាយការណ៍ថា ពួកគាត់បានបង្រៀនអក្សរ និងលេខដល់កូនៗរបស់ពួកគាត់នៅផ្ទះ ហើយ  ៦១% នៃឪពុកម្តាយដែលមានកូនអាយុពី ៣ទៅ៦ឆ្នាំ បានបញ្ជាក់ថា គាត់បានអានសៀវភៅឱ្យកូនស្តាប់ជាប្រចាំ» ។

មូលនិធិព្រូដិនស៍ និងអង្គការ Save the Children រំពឹងថា កម្មវិធី «អំណានដំបូង»នេះ នឹងជួយអភិវឌ្ឍប្រាជ្ញាស្មារតី រាងកាយ និងអារម្មណ៍ ដល់កុមារតូចៗនៅកម្ពុជា និងធានាថា ពួកគាត់ត្រៀមខ្លួនរួចរាល់ដើម្បីចាប់យកចំណេះដឹង និងកសាងអនាគតភ្លឺស្វាង៕