(ភ្នំពេញ)៖ បន្ទាប់ពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ បានបញ្ចប់ទៅនោះ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧នេះ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានដឹកនាំមន្រ្តីក្រោមឱវាទចុះទៅសួរសុខទុក្ខ និងថ្លែងអំណរគុណប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក្នុងសង្កាត់ព្រែកកំពឹស ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតបានកើនឡើងសម្លេងយ៉ាងច្រើន គឺជិត១ម៉ឺនសម្លេងឯណោះ សម្រាប់ការបោះឆ្នោតលើកនេះ។

សូមបញ្ជាក់ថា សម្រាប់ខណ្ឌដង្កោ លទ្ធផលបឋមដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅពេលនេះ បានបង្ហាញថា សង្កាត់ទាំង១៣ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានដំណែងជាចៅសង្កាត់រហូតដល់១១សង្កាត់ រីឯគណបក្សសង្គ្រោះជាតិវិញ ទទួលបានដំណែងជាចៅសង្កាត់ត្រឹមតែ ២សង្កាត់ប៉ុណ្ណោះ គឺសង្កាត់ដង្កោ និងសង្កាត់ព្រៃសរ។

ជាមួយលទ្ធផលបែបនេះ លោក នុត ពុធដារ៉ា បានថ្លែងថា សម្រាប់ខណ្ឌដង្កោនាការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានជិត៣ម៉ឺនសម្លេង ពោលមានការកើនឡើងជិត១ម៉ឺន សម្លេងឯណោះ បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅ។

ក្រៅពីការថ្លែងអំណរគុណនោះអភិបាលខណ្ឌ បានសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់អំពីតម្រូវការកង្វល់ និងបញ្ហានានារបស់ប្រជាពលរដ្ឋ បន្ថែមទៀត ដើម្បីត្រៀមដោះស្រាយនាពេលខាងមុខកាន់តែប្រសើរឡើង។ នៅក្នុងឱកាសនោះ លោកអភិបាលក៏បានពិនិត្យមើលផ្លូវបេតុងថ្មី១ខ្សែ ទៀតដែលទើបស្ថាបនារួច ស្ថិតក្នុងភូមិដំណាក់សង្កែ  និងពិនិត្យមើលគម្រោងផ្លូវដែលនឹងត្រូវស្ថាបនានាឆ្នាំ២០១៨ខាងមុខ។

នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះ លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូពីការរស់នៅប្រចាំរបស់បងប្អូន។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភសម្រាប់ការរាំលេងកម្សាន្តអបអរសាទរគណបក្សប្រជាជន ទទួលបានជ័យជំនះក្នុងសង្កាត់ និងផ្លូវបេតុងដែលទើបស្ថាបនារួចផងដែរ៕