(បាត់ដំបង)៖ សមត្ថកិច្ចជំនាញស្រុកកំរៀង ខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះជនជាតិថៃ៣នាក់ និងខ្មែរម្នាក់ផងដែរ ពាក់ព័ន្ធនឹងការនាំចូលលុយក្លែង ក្លាយចំនួន ៥៥,៣០០ដុល្លារអាមេរិក ចូលមកប្រទេសកម្ពុជា។ ករណីបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រី គឹម ពន្លក អធិការនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនសង្ស័យ ទី១៖ ឈ្មោះ កៀត គិស័ក អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅផ្លូវសុវីនថៈវង់ ក្រុងបាងកក មុខរបរកម្មករ,ទី២៖ ឈ្មោះ អ៊ុងអាត ស៊ីវាតកន អាយុ២៨ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅឃុំបានព្រឹក ស្រុកក្រសាំង ខេត្តបុរីរាំ មុខរបរបុគ្គលិកក្រុមហ៊ុនមិតសូអែរ,ទី៣៖ ឈ្មោះ សំចិត កមភម អាយុ៣៤ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅឃុំបានបឹង ស្រុកបានបឹង ខេត្តឈុនបុរី មុខរបរបុគ្គលិកក្រុមហ៊ុន នីវសេន, និងទី៤៖ ឈ្មោះ បិត ផាត អាយុ៣៧ឆ្នាំ ភេទប្រុស រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ជនជាតិខ្មែរ មុខរបរកម្មករ។

លោកអធិការស្រុក បានបន្តថា ករណីនេះ នគរបាលបានដកហូតវត្ថុតាង រួមមានប្រាក់ដុល្លារក្លែងក្លាយចំនួន ៥៥៣០០ដុល្លារអាមេរិក ប្រភេទក្រដាស់ស៊េរីចាស់ឆ្នាំ២០០៦។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងរៀបចំឯកសារ កសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕