(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើកបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសស្រាល៥នាក់, និងរបួសធ្ងន់៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៩គ្រឿង  រថយន្តតូច២គ្រឿង និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, មិនគោរពសិទ្ធិ២លើក, មិនប្រកាន់ស្ដាំ២លើក និងប្រជែង១លើក។

សូមបញ្ជាក់ថា រយៈពេល០៥ថ្ងៃ ខែមិថុនា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣១លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន១៣នាក់ របួសធ្ងន់ចំនួន៣៣នាក់ និងរបួសស្រាលចំនួន១១នាក់៕