(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងស្ថានទូតអាមេរិកបានវាយតម្លៃថា «ដំណើរការបោះឆ្នោតទូទៅមានភាពល្អប្រសើរ សេរី និងយុត្តិធម៌ និងអាចជឿទុកចិត្តបាន» ហើយពាក្យបណ្តឹង នៅអំឡុងពេលនៃការឃោសនាបោះឆ្នោតនិងពេលបោះឆ្នោត រាប់សន្លឹកឆ្នោតមានមិនដល់១០០ផងនៅទូទាំងប្រទេសកម្ពុជា។

នេះគឺបង្ហាញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី មានយន្តការការងារត្រឹមត្រូវ រួមនឹងដំណើរការនីតិវិធីនៃការរៀបចំការបោះឆ្នោតល្អ និងមានបទពិសោធគ្រប់គ្រាន់ នៅក្នុងការរៀបចំបោះឆ្នោត និងដោយមានការចូលរួម សហការពីសំណាក់គណបក្សនយោបាយនានា និងភាពចាស់ទុំនយោបាយរបស់បក្សទាំងនោះ ព្រមទាំងការយល់ដឹងរបស់សកម្មជន និងពលរដ្ឋលើដំណើរការបោះឆ្នោតជារួម។

ប្រជាពលរដ្ឋបានវាយតម្លៃខ្ពស់ថាដំណើរការបោះឆ្នោតលើកនេះគឺមានភាពរលូនល្អ ដែលដូចគ្នានឹងការវាយតម្លៃជារួមរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតដែរដែលថា ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នេះដំណើរការដោយរលូន បើទោះបីជាមានភាពមិនក្រក្រតីបន្តិចបន្តួចក្តី។

ចំណែកបណ្តាញអង្គការសង្គមស៊ីលក្នុងស្រុកក៏បានវាយតម្លៃលើការបោះឆ្នោតថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ថា ដំណើរការបោះឆ្នោតទូទៅមានសភាពល្អប្រសើរ ខណៈអង្គការសង្កេតការណ៍អន្តរជាតិសំខាន់ៗចំនួន ៣ បានវាយតម្លៃអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅកម្ពុជា ឆ្នាំ ២០១៧ នេះថា ពិតជាមានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយប្រទេសដទៃ នៅតំបន់អាស៊ី។

គណៈប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ដែលបានអញ្ជើញទៅទស្សនកិច្ចនៅស្ថានីយ៍បោះឆ្នោតមួយចំនួននៅរាជធានីភ្នំពេញ នៅថ្ងៃបោះឆ្នោត បានថ្លែងថាខ្លួនបានឃើញថា ប្រជាជនមានសេរីភាពក្នុងការបោះឆ្នោតជូនគណបក្សនយោបាយ តាមការពេញចិត្តរបស់ពួកគាត់។ ពុំមានសញ្ញានៃការគំរាមកំហែង ការបង្ខិតបង្ខំនិងអំពើហិង្សាឡើយ។ អាជ្ញាធរកម្ពុជាបានធានានូវសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកបោះឆ្នោត សមាជិកគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារព័ត៌មាន។ អង្គការរួមជាមួយតំណាងមកពីគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ក៏បានសង្កេតការណ៍រាប់ស្លឹកឆ្នោតផងដែរ ដែលត្រូវបានវាយតម្លៃថា ត្រូវបានធ្វើឡើងដោយចំហ និងតម្លភាព។
យើងស្វាគមន៍ចំពោះការប្រើប្រាស់ការបោះឆ្នោតដោយពហុបក្ស សេរី យុត្តិធម៌ និងទៀងទាត់ជាមធ្យោបាយសម្រាប់ការប្រកួតប្រជែងសម្រាប់ ការិយាល័យសាធារណៈដែលក្លាយជាជោគវាសនារបស់កម្ពុជា។

រីឯគណៈប្រតិភូសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលជាស្ថាប័ននយោបាយដ៏សំខាន់មួយនៅលើពិភពលោក តំណាងឱ្យគណបក្សនយោបាយជាង ៣៥០ មកពី ៥២ ប្រទេស បានថ្លែងថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវឆ្ពោះទៅកាន់ប្រជាធិបតេយ្យដ៏រឹងមាំ និងដ៏ពិតប្រាកដ និងដែលជាបំណងប្រាថ្នាផងដែរ សម្រាប់ប្រជាពលរដ្ឋរាប់លាននាក់ ជាពិសេសយុវជនដែលមានចំនួន៧០%នៃប្រជាជនសរុប។
គណៈកម្មាធិការ ICAPP គិតថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅលើកនេះមានលក្ខណៈសេរី និងយុត្តិធម៌ អាចទុកចិត្តបាន និងតម្លាភាព។ ជាងនេះគណៈប្រតិភូ ICAPP សូមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា អ្នកបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នពាក់ព័ន្ធដទៃទៀតចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប្រកបដោយជោគជ័យ និងអាចជឿទុកចិត្តបាន។ សម្រាប់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) បានថ្លែងថា ការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ ប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី យុត្តិធម៌ រក្សាការសម្ងាត់ និងអាចជឿទុកចិត្តបាន។ យើងខ្ញុំឃើញច្បាស់ផ្ទាល់នឹងភ្នែកនូវសេចក្តីប្រាថ្នា ដ៏ស្មោះត្រង់ របស់ប្រជាជនជាអ្នកបោះឆ្នោត ដែលបានបង្ហាញនូវមនោសញ្ចេតនាសុខសន្តិភាពតាមបែបប្រជាធិបតេយ្យ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសអបអរសាទរំពោះប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដែលបានទៅចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំនៅតាមសហគមន៍របស់ពួកគេ។ ការបោះឆ្នោតកាលពីម្សិលមិញនេះ គឺជាការវិវឌ្ឍន៍ព្រឹត្តិការណ៍ ដ៏សំខាន់មួយ នៅក្នុងការអភិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យ ដែលកំពុងបន្តរីកចម្រើនទៅមុខរបស់កម្ពុជា ហើយយើងសូមធ្វើការអំពាវនាវដល់ពលរដ្ឋកម្ពុជា និងគ្រប់គណបក្សរួមទាំងស្ថាប័នទាំងអស់ គោរពតាមនិងទទួលយកលទ្ធផលនៃការបោះឆ្នោតនេះដោយសន្តិវិធី និងនៅក្នុងឆន្ទៈនៃកិច្ចសហប្រតិបត្តិការ និងបង្រួបបង្រួមជាតិ។

ប្រតិកម្មដ៏វិជ្ជមានទាំងអស់នេះគឺបានបញ្ជាក់ថាដំណើរ ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ខណៈនៅយប់ថ្ងៃទី៤ មិថុនា មានមនុស្ស មួយចំនួន ចេញមកអះអាងថាគណបក្សប្រជាជនកម្ពុជាចាញ់ការបោះឆ្នោត និងអ្នកខ្លះមានចេតនាបដិសេធការបោះឆ្នោត ឬមានចេតនាញុះញង់ប្រជាពលរដ្ឋឱ្យ តវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ក្នុងករណីដែលពួកគេមានគន្លឹះណាមួយដែលអាចទាញចំណេញនយោបាយបាន។

ដោយសារតែមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានថ្លែងសរសើរពីដំណើរការបោះឆ្នោតនេះល្អ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុវត្តការងារ ស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវ គណបក្សប្រឆាំងមិនអាចរកលេសអ្វីធ្វើការតវ៉ា ប្រឆាំងនឹងលទ្ធផលបោះឆ្នោតបានដូចការបោះឆ្នោតមុនៗ និងជាពិសេសការបោះឆ្នោតនៅឆ្នាំ ២០១៣នោះ កឹម សុខា មេបក្សសង្គ្រោះជាតិ បានចេញលិខិតប្រកាសទទួលស្គាល់ថា គណបក្សសង្រ្គោះជាតិ ទទួលបានតំណែងមេឃុំ-ចៅសង្កាត់មិនដល់ ៥០០ ឃុំ-សង្កាត់ ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបានជាង ១១៨០មេឃុំ-សង្កាត់ (លទ្ធផលក្រៅផ្លូវការ)។
ការប្រកាសទទួលស្គាល់ចំនួនមេឃុំ-ចៅសង្កាត់ របស់គណបក្សសង្រ្គោះជាតិ ដែលទទួលបានមិនដល់៥០០ផងនោះ ត្រូវបានមន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាច ថ្លែងឲ្យដឹងថា នេះជាការបាត់បង់សំឡេងឆ្នោតយ៉ាងច្រើនរបស់គណបក្សសង្រ្គោះជាតិ បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣។ បើយកសម្លេងឆ្នោត ឆ្នាំ២០១៣ មកគណនានោះ គណបក្សសង្រ្គោះជាតិ អាចត្រូវទទួលបានជាង៧០០មេឃុំ-សង្កាត់ ប៉ុន្តែការបោះឆ្នោត២០១៧នេះ ទទួលបានមិនដល់ ៥០០មេឃុំ-សង្កាត់ផងនោះ។

គណបក្សសង្រ្គោះជាតិ មានក្តីស្រមៃប៉ុនប៉ងយកឈ្នះ ការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ រហូតដល់៧០% ទៅ ៧៥% ដើម្បីកាន់កាប់ព្រឹទ្ធសភា និងតំណែងប្រមុខរដ្ឋស្តីទី ពេលអវត្តមានព្រះមហាក្សត្រ ប៉ុន្តែនៅពេលនេះទទួលបានប្រមាណជិត៣០%ប៉ុណ្ណោះ។ ដូច្នេះបក្សប្រឆាំងនឹងគ្មានអ្វីត្រូវឡាំប៉ា និងកៀងគរប្រជាពលរដ្ឋធ្វើបាតុកម្ម ដើម្បីដាក់សម្ពាធបក្សឈ្នះការបោះឆ្នោត និងបង្កចលាចលសង្គម និងភ័យខ្លាចដល់អាជីវករ និងប្រជាជនទៀតហើយ។
ចំណែកឯគណៈកម្មាធិការរៀបចំការបោះឆ្នោតក៏បានផ្តល់ជំនឿទុកចិត្តដល់អ្នកបោះឆ្នោត គណបក្សនយោបាយ និងមជ្ឈដ្ឋានជាតិ និងអន្តរជាតិដែរ។ នេះគឺជាមោទនភាពមួយដែលកម្ពុជាបានរៀបចំ ការបោះឆ្នោតខ្លួនឯង ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ កំណែទម្រង់លើការបោះឆ្នោតទាំងមូល នេះក៏ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែរ ដែលមិនមែនត្រឹមតែការកែទម្រង់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតដូចបក្សប្រឆាំងស្នើនោះឡើយ៕

ដោយ៖ ចៅចាក់ស្មុក