(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួល មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ តំណាង​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន៣៣លានរៀល ទៅជូនគ្រួសារសព លោកអនុសេនីយ៍ត្រី ស៊ីវ សុខលាង ជំនួយការ​ការិយាល័យ​ប្រឆាំងភេវរកម្ម កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤៨ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅភូមិព្រែកយាយហាយ​ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួលមូលនិធិ​មហាគ្រួសារកងរាជអាវុធហត្ថ បានឲ្យដឹងថា ថវិការបស់មូលនិធិនេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌ របស់​​​លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនាមមនុស្សធម៌ សាមគ្គីភាព និងក្តីសណ្តោសប្រណី នៃមហាគ្រួសារ​កងរាជអាវុធហត្ថ  ក្នុងនោះដែរថវិកាចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់ ​នាយឧត្តមសេនីយ៍ សៅ សុខា ដែល​លោកតែងតែបរិច្ចាក ចូលរួមរំលែកទុក្ខគ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពី២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។

លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត បានបន្ត​ទៀតថា នេះគឺជាសពទី៣ហើយ ដែលមូលនិធិមហាគ្រួសារ​កងរាជអាវុធហត្ថ បាននាំយកថវិកា សប្បុរសធម៌ទាំងនោះ  ទៅចូលរួមរំលែកទុក្ខគ្រួសារសព។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី តំណាង​លោក លោកស្រី ដែលជា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក៏បានសម្តែង នូវការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ លោកអនុសេនីយ៍ត្រី ស៊ីវ សុខលាង ពីជួរអង្គភាពកងរាជអាវុធហត្ថ ហើយឥឡូវនេះ លោកអនុសេនីយ៍ត្រី ស៊ីវ សុខលាង ក៏បានឃ្លាតឆ្ងាយពីក្រុមគ្រូសារ ឃ្លាតឆ្ងាយពីកូនប្រុស កូនស្រី ទាំងអស់ជារៀងរហូត ហើយមិនអាចត្រឡប់វិញបានឡើយ៕