(ភ្នំពេញ)៖ ខណៈតម្លៃពងទាធ្លាក់ថ្លៃខ្លាំង រហូតទៅដល់មួយគ្រាប់តម្លៃត្រឹមតែ២៥០រៀល ឬ២៨០រៀលនោះ បានធ្វើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទាទាំងអស់ មានការព្រួយបារម្ភជាខ្លាំងជាមួយការប្រឈមមុខ បិទកសិដ្ឋានរបស់ខ្លួន ព្រោះតែតម្លៃពងទាធ្លាក់ចុះ។

លោក សេង រដ្ឋា កសិករចិញ្ចឹមទារស់នៅភូមិពោធទី ឃុំពោធទី ស្រុកស៊ីធរ ខេត្តព្រៃវែង ដែលបានប្ដូរទីតាំងមកខេត្តកំពតវិញ បាន​ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ថា មានកត្តាជាច្រើន​ដែលបណ្ដាលឲ្យពងទាមានការធ្លាក់ថ្លៃ រួមមានការនាំចូលពីប្រទេសវៀតណាម ដែលមានតម្លៃថោកត្រឹមតែ២០០រៀល ទៅ២៥០រៀលតែប៉ុណ្ណោះ ក្នុងមួយគ្រាប់នោះ ជាហេតុផលដែលធ្វើឲ្យឈ្មួញកណ្ដាល ទទួល​យកពងទាមកបោះដុំតាមផ្សារ ចាប់ផ្តើមទម្លាក់ថ្លៃពងទាក្នុង​ស្រុក។

លោកបន្ដថា «ទាំងនេះបានធ្វើឲ្យប៉ះពាល់តម្លៃដល់អ្នកចិញ្ចឹមផ្ទាល់នៅកសិដ្ឋាន។ ការបើកកសិដ្ឋាននេះ ខ្ញុំបានចំណាយ​ទុនអស់​ប្រហែលជាង៦ពាន់ដុល្លារ មានទាចំនួន១,៣០០ក្បាល ហើយមួយថ្ងៃទាពងបានប្រមាណ១១០០គ្រាប់។ បើពងទានៅតែបន្ដធ្លាក់ថ្លៃ ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះវាបណ្ដាលឲ្យមានបញ្ហាចំពោះកសិដ្ឋាន។ ឥឡូវនេះខ្ញុំបានផ្លាស់ប្ដូរទីតាំង កសិដ្ឋានមកពីខេត្ត​ព្រៃវែង ទៅខេត្តកំពតវិញ ពីព្រោះស៊ើបសួរទៅឃើញថាតម្លៃល្អ និងខ្ពស់ជាងខេត្តព្រៃវែង»។

លោកបានថ្លែងឲ្យដឹងទៀតថា សម្រាប់ពងទា គឺចែកចាយទៅរាជធានីភ្នំពេញ ព្រះសីហនុ ខេត្តកោះកុងជាដើម ពីព្រោះហាងឆេងមានតម្លៃថ្លៃជាងគេ។

ជាមួយគ្នានោះដែរ លោក យៀត យ៉ាត កសិករចិញ្ចឹមទាស្ថិតនៅក្នុងខេត្តព្រៃវែង បានថ្លែងឲ្យដឹងស្រដៀងគ្នានេះដែរថា «សម្រាប់​ពងទាដែលលក់ចេញ គឺបានតម្លៃត្រឹមតែ២៩០រៀលតែប៉ុណ្ណោះ បើតាមខ្ញុំមើលទៅតាមព័ត៌មានមួយចំនួន កត្តាដែលបណ្ដាលឲ្យ​ពងទាធ្លាក់ថ្លៃ មកពីនាំចូលច្រើនពីប្រទេសជិតខាង ដែលធ្វើឲ្យតម្លៃពងទាក្នុងស្រុកធ្លាក់ថ្លៃខ្លាំង រហូតដល់កន្លែងខ្លះក្ស័យធនត្រូវបិទអាជីវកម្ម​ផងដែរ»

លោកបញ្ជាក់ថាទៀតថា «ប្រសិនបើពងទាមិនឡើងថ្លៃវិញទេ បណ្ដាលឲ្យរបរចិញ្ចឹមទារក្ស័យធន អស់ដើមទុនសម្រាប់ការរកស៊ី ខ្ញុំ​ពិតជាព្រួយបារម្ភខ្លាំងណាស់ ចំពោះបញ្ហានេះ ព្រោះថានេះជាមុខរបររបស់តែមួយគត់ ដែលខ្ញុំរកចិញ្ចឹមជីវិតប្រចាំថ្ងៃ ដល់ពេលវាធ្លាក់ថ្លៃបែប​នេះ ខ្ញុំមិនដឹងថាគួរថារករបរអ្វីនោះទេ។ សព្វថ្ងៃនេះខ្ញុំ និងប្រពន្ធចង់តែទៅចំណាកស្រុក តែមិនដឹងចេញទៅខាងណា»

លោកបានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្កើនការទប់ស្កាត់ របស់នាំចូលពីក្រៅប្រទេសចូលមកកម្ពុជា និងស្នើ​ឲ្យមានការដំឡើងថ្លៃចំពោះរបរកសិកម្ម របស់ប្រជាកសិករ នៅក្នុងប្រទេលើកទីផ្សារបន្ថែមទៀត។

លោក កុសល ឈ្មួញកណ្ដាលទិញពងទាលក់បន្ដ បានថ្លែងឲ្យដឹងថា មានមូលហេតុជាច្រើន ដែលបណ្ដាលឲ្យការទិញពងទាក្នុងតម្លៃថោក ដោយសារតែការនាំយកមក ឲ្យអ្នកទទួលលក់បន្ដ គឺពួកគាត់លក់មិនដាច់ មានការនាំពងទាចូលពីប្រទេសក្រៅច្រើនដែលមានតម្លៃថោក ដូច្នេះគេត្រូវតែបញ្ចុះតម្លៃឲ្យស្មើនឹងតម្លៃដែលគេយកពីក្រៅ ប្រសិនបើយើងទិញពីកសិដ្ឋានក្នុងតម្លៃថ្លៃនោះនឹងមិនបានចំណេញនោះទេ។

សម្រាប់ការទទួលទិញផ្ទាល់ពីម្ចាស់កសិដ្ឋាន គឺទិញក្នុងតម្លៃ២៨០រៀលក្នុងមួយគ្រាប់ ហើយនៅពេលដែលបោះបន្ដបានតម្លៃ២៩០ ទៅ៣០០រៀលក្នុងមួយគ្រាប់ នេះសម្រាប់បោះឲ្យម៉ូយតូច តែបើសម្រាប់ម៉ូយធំវិញ គឺឲ្យតម្លៃថោក ឬស្មើទៅនឹងតម្លៃដែលយើង​យកពីកសិដ្ឋានមក។ នេះបើតាម លោក កុសល បានបញ្ជាក់បន្ថែម។

លោក ឆាយ សុខហួរ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានសង្កត់ធ្ងន់ថា ការធ្លាក់ថ្លៃពងទានេះ គឺបណ្ដាលមកពីការនាំ​ចូលពីប្រទេសវៀតណាម ដែលការបើកឲ្យមានការនាំចូល ទាំងនេះ បណ្ដាលឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចក្នុងស្រុក ធ្វើឲ្យកសិករមួយចំនួនឈប់ចិញ្ចឹមទា មាន់ ជ្រូក ហើយនៅថ្ងៃអនាគត បើយើងគិតមិនទាន់ទេ នោះនឹងបណ្ដាលឲ្យប៉ះពាល់កសិផលទាំងអស់ បើកសិផលក្នុងស្រុកដួលហើយ នោះកសិផលនេះត្រូវ​បានគេសម្លាប់អស់ហើយ។

លោកបានបញ្ជាក់ថា ដើម្បីឲ្យតម្លៃពងទាក្នុងស្រុកឡើងថ្លៃវិញ ត្រូវតែកាត់បន្ថយ ឬបិទកានាំចូលពងទាពីប្រទេសជិតខាង ប្រជាពលរដ្ឋខ្មែរត្រូវមានភាពស្មោះត្រង់នឹងគ្នា ចេះជួយគ្នាទើបកសិផលក្នុងស្រុករីកចំរើន៕