(រតនគិរី)៖ លោក ញាណ តៃស៊ី ចៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានទទួលមរណភាព ខណៈគាត់ ទៅចូលរួមបោះឆ្នោតហើយ វិលត្រឡប់មកផ្ទះវិញអង្គុយតាមដាន ការរាប់សន្លឹកឆ្នោតកាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៧ ម្សិលមិញនេះ។

តាមក្រុមគ្រួសារសពបានអោយដឹងថា នៅមុនទទួលមរណភាពគឺគាត់បានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ជាធម្មតា។ ក្រោយពីបោះឆ្នោតហើយ គាត់ក៏បានវិលត្រឡប់មកផ្ទះវិញ អង្គុយតាមដានលទ្ធផលឆ្នោត ស្រាប់តែ គាត់មានអាការៈថប់ដង្ហើម ហើយក្អួតមកចេញឈាម សាច់ញាតិក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ក្រោយមកគាត់ក៏ ទទួលមរណភាពតែម្ដងទៅ ដោយក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានឡើយ។

លោកញាណ តៃស៊ី ត្រូវបានគេស្គាល់ថា ជាចៅសង្កាត់ឡាបានសៀកមកពីគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតចំនួន២ អាណត្តិមកហើយ(២០០៧-២០១៧) តែសំរាប់អាណត្តិនេះ ដោយសារមានវ័យចំណាស់(អាយុ៧៤ឆ្នាំ) និងមានជំងឺប្រចាំកាយផង គាត់បានសុំឈប់ឈរឈ្មោះជាចៅសង្កាត់តទៅទៀត។ កាលនៅរស់ លោកញាណ តៃស៊ី ត្រូវបានគេស្គាល់ថា ជាមន្ត្រីដ៏ល្អមួយរូបដែលថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគោរពស្រឡាញ់ ដោយក្រោយឆ្នាំ១៩៧៩ លោកបានចូលបំរើការងារជាមន្ត្រីរដ្ឋការនៅភ្នំពេញ។

លុះនៅឆ្នាំ១៩៨៣ លោកត្រូវបានថ្នាក់លើចាត់ តាំងអោយទៅជួយក្រុមការងារធ្វើការអភិវឌ្ឍខេត្តរតនគិរី ដោយកាន់តួនាទីជាប្រធានមន្ទីរឧស្សហកម្មខេត្ត និងជាបន្តបន្ទាប់ទទួលតំណែងជា ប្រធានមន្ទីរទីរួមខេត្ត ទទួលតំណែងជាអភិបាលរង ជាអភិបាលស្រុកបានលុងរហូតដល់ចូលនិវត្តន៏នៅឆ្នាំ ២០០២។ ក្រោយចូលនិវត្តន៏ លោកបានជាប់ជាសមាជិក ក្រុមប្រឹក្សាឃុំឡាបានសៀក រហូតដល់ឆ្នាំ២០០៧ ទើបលោកឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយជាប់ជាចៅសង្កាត់ឡាបានសៀក ចំនួន២អាណត្តិ ពីឆ្នាំ២០០៧ដល់២០១៧ លោកក៏សំរេចផ្អាក ឈរឈ្មោះតទៅទៀតដោយសារវ័យជរា និងមានជំងឺប្រចាំកាយ។

អ្នកក្រុងបានលុង(ខេត្តរតនគិរី) អ្នកណាក៏ស្គាល់ និងគោរពស្រលាញ់រាប់អានលោកញាណ តៃស៊ី ដែរ តែពេលនេះ លោក បានលាអ្នកទាំងអស់គ្នា ទៅកាន់សុគតិភពហើយ បន្សល់ទុកតែអនុស្សាវរីយ៏ និងកេរឈ្មោះរបស់លោកតែប៉ុណ្ណោះ។

បច្ចុប្បន្ន សពរបស់លោកត្រូវបានក្រុមគ្រួសារតម្កល់ទុក ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៅក្រុងបានលុង ខេត្តរតនគិរី។ ក្នុងនោះក្រុមគ្រួសារនៃសពក៏សូមអំពាវនាវ ដល់សាច់ញាតិមិត្តជិតឆ្ងាយចូលរួមពិធីបុណ្យនេះ អោយបានអធឹកអធមផងដែរ។ ចំណែកពិធីបុណ្យ៧ថ្ងៃ នឹងជំរាបជូនដំណឹងនៅពេលក្រោយជាបន្តទៀត៕
សូមមេត្តាទំនាក់ទំនងសាច់ញាតិសព តាមលេខទូរស័ព្ឌ៖០១២ ៤០៦ ០០៨, ០៨៨ ៤៤៣ ៤៤៤៤