(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំនៅរាជធានី​ភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍​អបអរ​សាទរ​​ចំពោះប្រជាពលរដ្ឋ​កម្ពុជារាប់លាននាក់ ដែលបានទៅចូល​រួមបោះឆ្នោត កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញនេះ ដើម្បីជ្រើសរើស​ថ្នាក់ដឹកនាំ​នៅតាមសហគមន៍​របស់ពួកគេ។

ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំនៅរាជធានី​ភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍អបអរសាទរ​ចំពោះប្រជាពលរដ្ឋ​កម្ពុជារាប់លាននាក់ ដែល​បានទៅចូល​រួមបោះឆ្នោត កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញនេះ ដើម្បីជ្រើសរើស​ថ្នាក់ដឹកនាំ​នៅតាមសហគមន៍​របស់ពួកគេ។ ជាមួយគ្នានេះ​ស្ថាន​ទូត​អាមេរិកសូមធ្វើ​ការកោតសរសើរ ចំពោះរាជរដ្ឋាភិបាល​នៃ​​ប្រទេសកម្ពុជា, គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប), មន្រ្តីកិច្ច​ការ​បោះឆ្នោត, និងក្រុមអ្នកស្ម័គ្រចិត្ត​ទាំងអស់ សម្រាប់កិច្ចខិតខំប្រឹង​ប្រែង​​របស់​ពួកគេ ក្នុងការរៀបចំចាត់ចែង និងដំណើរ​ការការ​បោះឆ្នោត​នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានរៀបរាប់ថា៖ ស្ថានទូតអាមេរិក មាន​ក្រុមអ្នកសង្កេតការណ៍សរុប៤០ នៅទូទាំងព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ គ.ជ.ប។ ក្រុមទាំងនេះ​បានចុះអង្កេតការណ៍​ ទៅកាន់​តំបន់ជាង ៣០០កន្លែង នៅក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្តចំនួន​១៣។ ការបោះឆ្នោតនៅតាម​ការិយាល័យ ដែល​ស្ថិត​ក្រោម​ការ​​សង្កេត​ការណ៍របស់​ក្រុម​ការ​ងារ​ទាំង​នេះ ​មានសណ្តាប់ធ្នាប់និងរបៀបរៀប​រយល្អ។ ក្រៅពីនេះរបាយការណ៍​មកពីក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោតជាតិ និងអន្តរជាតិដទៃទៀត ក៏មាន​ការ​​យល់​​ឃើញ​ដូចគ្នាដែរ។

យ៉ាងណាមិញ យើងនឹងបន្ត​ឃ្លាំមើលព្រឹត្តិការណ៍​នេះទៀត ស្របពេលដែល គ.ជ.ប ធ្វើការ​រៀបចំ និងប្រកាស​អំពី​លទ្ធផលផ្លូវការ។ ពួកយើងរំពឹង​ថា គ.ជ.ប នឹង​អនុវត្ត​ន៍​​តួនាទីនេះ ដោយប្រកាន់​ខ្ជាប់នូវ​សុច្ចរិតភាព និងតម្លាភាពខ្ពស់បំផុត ហើយក៏សង្ឃឹម​ផងដែរថា គ.ជ.ប នឹងបើកការស៊ើបអង្កេត​យ៉ាងពេញលេញ​ ទៅ​លើបញ្ហា និងក្តីព្រួយបារម្ភនានា ដែលបានលើកឡើង​ដោយបណ្តា​គណបក្សប្រឆាំង និងអង្គការ​សង្គមស៊ីវិល ទាំងកាលពីមុន និងក្រោយយុទ្ធនាការ​ឃោស​នា​​បោះឆ្នោត។

ការបោះឆ្នោតកាល​ពីម្សិលមិញនេះ គឺជាការវិវឌ្ឍន៍ព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងការអភិវឌ្ឍន៍​នៃលទ្ធិប្រជាធិបតេយ្យ ដែលកំពុងបន្តរីកចម្រើន​ទៅមុខរបស់​កម្ពុជា ហើយយើងសូមធ្វើការ​អំពាវនាវដល់​ពលរដ្ឋកម្ពុជា និងគ្រប់គណបក្ស​រួមទាំងស្ថាប័ន​ទាំងអស់ គោរពតាមនិងទទួលយកលទ្ធផល​នៃការបោះឆ្នោត​នេះ​ដោយសន្តិវិធី និងនៅក្នុងឆន្ទៈ​នៃកិច្ចសហប្រតិបត្តិការ និងបង្រួបបង្រួមជាតិ៕