(បាត់ដំបង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ដោយសាររថយន្ដដឹកថ្ម ប្រភេទរថយន្ដធំ ស្លាកលេខ បាត់ដំបង 3A -1118 បានបុកបុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ ពេលកំពុងជិះម៉ូតូ ទៅផ្ទះ នៅត្រង់រង្វងមូលព្រះនរាយ៍ សង្កាត់អូចារ ខេត្តបាត់ដំបង។

សមត្ថកិច្ចនៅតាមមូលដ្ឋាន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ករណីគ្រោះថ្នាក់ចរាចរដែលបណ្តាលឲ្យមាន អ្នកស្លាប់នេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ០៥ ត្រង់ចំណុចផ្លូវបំបែកប្រសព្វចូលតាំងណាំសែរ ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្ត០១គ្រឿង ម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-1118 អ្នកបើកបរ រថយន្តបង្កមានឈ្មោះ ធឿត សម័យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ ឡាន មានទីលំនៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ចំណែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ កុំពុងស្វែងរកបងប្អូនដើម្បីយក ទៅធ្វើបុណ្យ​ តាមប្រពៃណី។

តាមសម្តីរបស់សមត្ថដដែលបាន បញ្ជាក់ថា រថយន្តនិងម៉ូតូធ្វើដំណើរបញ្ច្រាស់ទិសគ្នាពីត្បួងទៅជើង រហូតដល់ចំណុចខាងលើ ក៏ជ្រុលចង្កូត បុកម៉ូតូ០១គ្រឿងទៀត ម៉ាកវីវ៉ា សូហ្គុន ពណ៌ទឹកប៊ិច ស៊េរីឆ្នាំ២០០៤ គ្មានស្លាកលេខ ធ្វើឲ្យស្លាប់បាត់បង់ជីវិត ភ្លាមៗតែម្តង។

ជនសង្ស័យដែលជាអ្នកបើកបររថយន្តខាងលើ ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង ឃ្លាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ។

ចំណែករថយន្ត និងម៉ូតូត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក យកទៅរក្សាទុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕