(ភ្នំពេញ)៖ ស្របពេលដែលការបោះឆ្នោតបានបញ្ចប់ដោយភាពរលូន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ លទ្ធផលបឋមមិនទាន់ផ្លូវការ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅបន្តឈ្នះនាំមុខលើគណបក្សសង្រ្គោះជាតិយ៉ាងច្រើន បើប្រៀបធៀបសម្លេងឆ្នោតកាលពីឆ្នាំ២០១៣។ ប៉ុន្តែគណបក្សសង្រ្គោះជាតិ បែរជាប្រកាសថា ទទួលជោគជ័យលើការបោះឆ្នោតឆ្នាំ២០១៧នេះ។

ដើម្បីពន្យល់អំពីការប្រៀបធៀបដល់បងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែយល់ច្បាស់អំពីការកើនសម្លេង និងថយសម្លេងឆ្នោត រវាងគណបក្សធំៗទាំងពីរនេះ, លោក ឃុន ប៊ុននី ជាមន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងជាអតីតមន្រ្តីរបស់អង្គការសហប្រជាប្រជាជាតិ បច្ចុប្បន្នជាអ្នកផ្តល់ការប្រឹក្សាយោបល់ដល់អង្គការសង្គមស៊ីវិល មួយចំនួនធំនៅកម្ពុជា បានចេញមកពន្យល់អំពីលទ្ធផលនេះ។

មន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងជាទីប្រឹក្សាអង្គការសង្គមស៊ីវិលរូបនោះ បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា៖

ជាដំបូងខ្ញុំសូមអបអរសាទរជាមួយគណបក្សធំទាំងពីរ, ខ្ញុំយល់ថា ការសម្រេចចិត្តធំរបស់ប្រជាជនពិតជាត្រឹមត្រូវល្អ ហើយតាមការគិតទុករបស់ខ្ញុំ គណបក្សប្រជាជនកម្ពុជា នៅរក្សាលើស១,១០០ឃុំ-សង្កាត់ ហើយគណបក្សសង្រ្គោះជាតិ អាចក្រោម៥៥០ ឥឡូវមិនគ្រប់ត្រឹម៥០០ផង...មានការលើកឡើងថា ហេតុអ្វីយកមកប្រៀបធៀបឆ្នាំ២០១៣ ចម្លើយខ្លីកាលពីឆ្នាំ២០១២ សង្គ្រោះជាតិ គឺនៅមិនទាន់ចាប់កំណើតនៅឡើយ។

A) សូមមើលទិន្ន័យប្រៀបធៀបឆ្នាំ២០១៣ ជាឆ្នាំសង្គ្រោះជាតិ (មានភាពខុសគ្នារវាងបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតជាតិ ប៉ុន្តែយើងអាចសាកល្បង យកមកប្រៀបធៀបរបៀបនេះបាន)៖

* ឆ្នាំ២០១៣ CPP មានអសនៈក្នុងរដ្ឋសភា ៦៨/១២៣ ស្មើ៥៥%
* ឆ្នាំ២០១៣ CNRP មានអសនៈសភា ៥៥/១២៣ ស្មើ៤៥%

CPP ឆ្នាំ២០១៧ ឃុំ១៦៤៦ x (៦៨/១២៣) យក១៦៤៦ x ៥៥% ស្មើ ៩១០ ឃុំសង្កាត់។ លទ្ធផលជាក់ស្តែង២០១៧ CPP បានទទួល១១៦៣ឃុំ មានន័យថា ទទួលបានលើសពីអាណត្តិមុន។

CNRP ឆ្នាំ២០១៧ ឃុំ១៦៤៦ x (៥៥/១២៣) ស្មើ១៦៤៦ x ៤៥% ស្មើ ៧៣៦ ឃុំសង្គាត់។ លទ្ធផលឆ្នាំ២០១៧ ទទួលបានត្រឹម៤៨២ឃុំ មានន័យថា បាត់បង់ច្រើនជាងមុនជិតពាក់កណ្តាល។

B) សាកល្បងវិភាគរួមគ្នាពីលទ្ធផលនៃការយល់ឃើញវិញ៖

១៖ សម្រាប់ខ្ញុំ CPP នៅតែបន្តឈ្នះលើសលប់ នេះមានន័យថា អ្នកដែលប្រជាជនបោះឆ្នោតជូន មិនមែនបោះឲ្យបក្សទេ គឺបោះឲ្យបុគ្គលដែលគាត់ស្រឡាញ់ ដូច្នេះCPP នៅមានមនុស្សជាទីស្រឡាញ់របស់ប្រជាជនច្រើន និងច្បាស់ណាស់ថា ពួកគាត់ពិតជាបានធ្វើកិច្ចការច្រើនជូនប្រជាជនគាត់ហើយ ទើបប្រជាជន នៅមានការគាំទ្រច្រើនលើសលប់បែបនេះ។

២៖ CNRP ទោះចាញ់សម្លេងគាំទ្រឆ្នាំ២០១៣ ប៉ុន្តែគាត់ទទួលបានកៅអីក្នុងឃុំជិត៥០០ដែរ ដែលពីមុនមានតិចបំផុតនោះ នេះវាបង្ហាញពីការជ្រើសរើសថ្មី សម្រាប់ប្រជាជន។ ការជ្រើសរើសនៅពេលនេះ ជារឿងមួយប៉ុន្តែនៅពេលធ្វើកិច្ចការអាចជា រឿងផ្សេងមួយទៀតពិបាកនឹងអនុវត្តតម្រូវចិត្តប្រជាជនបន្តិច ព្រោះថាមេឃុំចៅសង្កាត់CNRPនៅថ្មី អាចខ្វះបទពិសោធន៍។

C) អ្វីដែលជាទ្ធផលនឹងឆ្លុះបញ្ចាំងការបោះឆ្នោតឆ្នាំ២០១៨?

១៖ ចូរចាំថាមេឃុំ CPP គឺជាមេឃុំចាស់ មានបទពិសោធន៍ល្អ និងមានទំនាក់ទំនងល្អរួចជាស្រេចជាមួយ ប្រជាជននិងរដ្ឋ។

២៖ ត្រូវយល់ដែរថា មេឃុំថ្មី CNRP ជាមេឃុំទើបតែជ្រើសរើសនៅថ្មី ខ្វះបទពិសោធន៍ ប៉ុន្តប្រជាជនបានផ្តល់ទំនុកចិត្តហើយ ប៉ុន្តែត្រូវចងចាំដែរថា គាត់ត្រូវទទួល រ៉ាប់រងឆ្លើយតបតម្រូវការប្រជាជនបោះឆ្នោតឲ្យគាត់ក្នុងរយះពេល១ឆ្នាំដំបូង មុននិងដល់ការបោះឆ្នោតជាតិ។ ពិតជាមិនមែនរឿងងាយស្រួលទេ.. ព្រោះជាបន្ទុកដ៏ ធ្ងន់ហើយបទពិសោធន៍នៅតិច និងណាមួយគាត់ស្ថិតក្រោមអំណាចចៅហ្វាយស្រុក, ខេត្ត និងរដ្ឋាភិបាលដែលដឹកនាំដោយ CPP ។ មិនចោទលើការប្រកាន់ បក្សណាទេតែចំណុចនេះអ្នករាល់គ្នាអាចយល់ ព្រោះចង់មិនចង់ការងារមិនមែនរលូនដូចការគិតនោះទេ។

៣៖ ការដោះស្រាយលើបញ្ហានៅមូលដ្ឋាន និងសេវាកម្មនានាដែលជាតម្រូវការប្រជាជន នឹងធ្វើឲ្យមេឃុំ CNRP ថ្មីនឹងជួបបញ្ហាដោយជៀសមិនរួច! រឿងសំរាម លូស្ទះ ប្រឡាយអត់ហូរទឹកលិចផ្លូវ ស្ទះចរាចរចរ និងភូមិឃុំមានសុវត្តិភាព ហើយ និងការបង់ថ្លៃសេវាកម្មរដ្ឋបាលសារធារណៈតាមឃុំសង្កាត់។ល។

និយាយជារួម អ្វីដែលគាត់ធ្លាប់បន្ទោសមេឃុំ CPP ធ្វើមិនកើតបានមកដល់ដំណាក់កាគាត់ធ្វើម្តង ហើយប្រជាជន និង CPP ពួកគេនឹងដើរតួនាទីជាអ្នកថា និងបន្តោសម្តង សម្រាប់មេឃុំថ្មី CNRP ៤៨២នេះ។ ពេលនោះអ្នកធ្វើនិងអ្នកថា បានដូរតួនាទីគ្នាវិញម្តង ហើយពួកគេនឹងដូរតួនាទីគ្នាឆ្លងកាត់កិច្ចការដ៏ច្រើន​ ហើយអ្នករាល់គ្នាប្រហែលជាច្បាស់ លើលទ្ធផលមិនខាន..។

ពិតណាស់ហើយ ឃុំសង្កាត់ដែលCPPបានបាត់បង់ គឺជាអ្វី១ សំខាន់បំផុតដែលគណៈបក្សនេះ ត្រូវចេះវះកាត់ជៀរចោលនូវសាច់ផុតស្អុយមួយចំនួនជាជាង អោបក្រសោប ​និងលាក់បាំងនូវចំណុចខ្វះខាតរបស់ពួកគេ។ តាមការមើលលភូមិសាស្ត្រ ភូមិឃុំដែលចាញ់ ស្ទើរតែទាំងអស់ពាក់ព័ន្ធនិងតំបន់កសាងថ្មី និងចាស់ដែរ ដែលសេវាសាធារណៈរដ្ឋមិនត្រូវបានឆ្លើយទាន់ពេលវេលា និងការមិនយកចិត្តទុកដាក់របស់អជ្ញាធរ។ ដូច្នេះវាជាមេរៀនដ៏ឈឺចាប់មួយ ដែលដាច់ខាតគេត្រូវពង្រឹងឡើងវិញ បើសិនសំលឹងទៅរកជោគជ័យលើសលប់នាឆ្នាំ២០១៨នោះ។

៤៖ ការសន្យានៃបក្សសង្គ្រោះជាតិ លើថវិការជួយដល់ឃុំសង្កាត់ នឹងក្លាយជារបៀបវារៈដ៏ពេញនិយមចាប់ពីថ្ងៃនេះតទៅហើយ។ ប្រាក់៥០ម៉ឺនដុល្លារ ដែល CNRP សន្យាជូនមេឃុំ គឺជារឿងបោកប្រាសសុទ្ធសាធ ហើយម្នាក់ៗនឹងបានក្លាយជាសាក្សីគ្រប់ៗគ្នា។ ហេតុអ្វីបោកប្រាស់ព្រោះថា ការទម្លាក់ថវិកាទៅឃុំសង្កាត់ ធ្វើឡើងដោយរដ្ឋាភិបាលដឹកនាំដោយ CPP មិនមែនដោយ CNRP នោះទេ។ ដូច្នេះបើរដ្ឋាភិបាលមិនអនុម័តថវិការនេះ វាមិនមែនជាកំហុសរបស់រដ្ឋាភិបាលដែរ តែជាកំហុស CNRP ដែលខំប្រឹងប្រែងនិយាយឲ្យតែរួចខ្លួន មិនទទួលខុសត្រូវ ហើយភ្លេចគិត ពីបរិបទជាក់ស្តែងបែបវិទ្យសាស្ត្រថា គ្មានថ្ងៃធ្វើទៅបាននោះ។

មានការពន្យល់ថា ៥០ម៉ឺនគឺនៅពេលឈ្នះការបោះឆ្នោតជាតិ នាឆ្នាំ២០១៨តែប៉ុណ្ណោះ។ កាន់តែខុសហើយ !!..បើពិតដូច្នេះមែន ហេតុអ្វីយកមកឃោសនាពេល បោះឆ្នោតឃុំសង្កាត់? សូមឆ្លើយបញ្ជាក់ថា បើទោះជាគាត់ឈ្នះការបោះឆ្នោតជាតិ ទាល់តែ CNRP អាចទទួលបានជ័យជំនះ១០០% ទើបការអនុម័ត៥០ម៉ឺន ជូនឃុំសង្កាត់ គ្មានជួបញ្ហានៅក្នុងសភាជាតិក្នុងរឿងអនុម័តថវិការជាតិពិតណាស់រឿងអាចឈ្នះ១០០% វាមិនអាចទៅរួចសោះឡើយ។

៥៖ ត្រង់ចំណុចវិភាគពី១ដល់៤ វាជាសេណារីអូ ដែលនឹងបញ្ជាក់ជាថ្មីថា CPP នឹងបន្តកាន់តែមានប្រៀបខ្លាំងបន្ថែមលើកិច្ចការខ្លួន ជាពិសេសទាក់ទាញ អ្នកគាំទ្រខ្លួន កាន់តែលើសលប់នាឆ្នាំ២០១៨ ហេតុអ្វី? ដូចជម្រាបជូនខាងលើ មេឃុំចៅសង្កាត់ CPP គាត់មានបទពិសោធន៍ និងស្នារដៃស្រាប់ ដូច្នេះគ្មានការ ប្រឈមនឹងការត្រូវឆ្លើយតបតម្រូវការប្រជាជន និងសេវាសាធារណៈច្រើនទេ ព្រោះគាត់បានធ្វើពីមុនរួចហើយ និងគ្រាន់តែបន្តរក្សាកិច្ចការ កុំឲ្យតែមានការធ្លាក់ចុះវិញ! ១ចំណុចទៀត ការបោះឆ្នោតជាតិឆ្នាំ២០១៨ មិនមែនជាការជ្រើសរើសបុគ្គលដូចបោះឆ្នោតឃុំសង្កាត់ដែរ ប៉ុន្តែជាការជ្រើសបក្ស ជារឿងរបស់សន្តិភាព ការអភិវឌ្ឍ និងអនាគតប្រទេសជាតិ ប្រជាជនអាចមានការពិចារណាខុសគ្នាពីលើកនេះ។

បើត្រូវជ្រើសរើសបុគ្គលនិងបុគ្គលវិញ ពិតណាស់ លោក កឹម សុខា មិនអាចប្រៀបធៀបសម្តេចតេជោបានដែរ ព្រោះតែបទពិសោធន៍
និងស្នារដៃខុសគ្នាមេឃនិងដី។

អត្តបទវិភាគសង្គមគ្រាន់ពិចារណា, ដោយ៖ ឃុន ប៊ុននី