(ភ្នំពេញ)​៖ នៅព្រឹកថ្ងៃទី​៥​ ខែមិថុនា​ ឆ្នាំ២០១៧​នេះ កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានចាត់ឱ្យ លោក​វេជ្ជ.​ អ៊ុយ​ សំអាត​ នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ និងបាននាំយកបច្ច័យ​ គ្រឿងឧបភោគ-បរិភោគ ទៅចូលរួមបុណ្យសព លោក អ៊ិត សេដ្ឋា ពិធីករនៃស្ថានីយទូរទស្សន៍ CTN ដែល​បានទទួលមរណភាព កាលពី​វេលា​​ម៉ោង២៖៣០នាទីល្ងាច​ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០​១​៧ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយរោគាពាធ។

ពិធីបុណ្យសព ធ្វើឡើងនៅវត្ត​ឧត្តរាវត្តី ស្ថិតនៅសង្កាត់គីឡូម៉ែតលេខ​៦​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏​ក្រៀមក្រំជាមួយ​ក្រុមគ្រួសារសព​ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោក អ៊ិត សេដ្ឋា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

មរណភាព របស់ លោក អ៊ិត សេដ្ឋា គឺមិនត្រឹមតែជា​ការបាត់បង់ កូនប្រុសជា​ទី​ស្រឡាញ់​​​​ប្រកប​ដោយកតញ្ញុតាធម៌ចំពោះ ឪពុក ម្តាយ និងជាបិតាដែលប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រទាំងបីនាក់ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ ពិធីករ​ដ៏ឆ្នើមនៃស្ថានីយទូរទស្សន៍ CTN ​ដែលជាធនធានមនុស្សមានវិជ្ជាជីវៈត្រឹមត្រូវ មានក្រម​សីលធម៌ និងវោហារសាស្ត្រ​មិនចេះរីងស្ងួត ដែលបានរួម​ចំណែកយ៉ាងសំខាន់ ក្នុងការផលិតកម្ម​វិធីផ្សាយរបស់ទូរទស្សន៍​នៅកម្ពុជា និងលើកកម្ពស់វិស័យសិល្បៈ វប្បធម៌របស់ជាតិ៕