(ភ្នំពេញ)៖ ក្រោយទទួលមរណភាព នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ សពលោក អ៉ិត សេដ្ឋា ពិធីករមានប្រជាប្រិយភាពល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN នឹងត្រូវបូជានៅវេលាម៉ោង៤៖០០នាទីរសៀល ថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងវត្តឧត្តរាវត្តី ស្ថិតសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នេះបើតាមលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ។

លោក សុវណ្ណ រិទ្ធី បានបន្តថា តាំងពីព្រឹករហូតដល់ពេលនេះ (ម៉ោង១២ថ្ងៃត្រង់) មានបងប្អូនសិល្បករ ប្រជាពលរដ្ឋ និងញាតិមិត្តជិតឆ្ងាយ បានចូលរួមពិធីបុណ្យសពយ៉ាងច្រើនកុះករ។  ហើយលោកក៏បានថ្លែងអំណរគុណជំនួសគ្រួសារសព ចំពោះអ្នកចូលរួមទាំងអស់ផងដែរ។

សូមជម្រាបថា លោក អ៉ិត សេដ្ឋា បានទទួលមរណភាព ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី នៅព្រឹកថ្ងៃទី៤ ខែមិថុនាម្សិលមិញ។ បើទោះបីជាមានការយកចិត្តទុកដាក់ និងទំនុកបម្រុង ជ្រោមជ្រែងយ៉ាងខ្លាំងពី សំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយនឹងសប្បុរជនជាច្រើនក្តី ក៏មិនអាចជួយសង្គ្រោះជីវិតរបស់លោក អ៉ិត សេដ្ឋា បានដែរ ដោយសារស្ថានភាពជំងឺ ស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរបំផុត៕