(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះថា រាល់បណ្ដឹងតវ៉ាជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការ ដែលបានចេញនៅយប់មិញនោះ ត្រូវធ្វើតាមនីតិវិធីច្បាប់បោះឆ្នោតឲ្យបានត្រឹមត្រូវ ព្រោះបើការជំទាស់ខុសទៅនឹងច្បាប់ អាចប្រឈមនឹងការដាក់ទោសទណ្ឌថែមទៀតផង។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ មិនទទួលស្គាល់ ក៏ដូចជាការ Comment រិះគន់ ជំទាស់តវ៉ា មិនទទួលស្គាល់នឹងលទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការ លើបណ្ដាញសង្គម Facebook ជាហូរហែ។

បើតាមស្ថាប័នអព្យាក្រឹតមួយនេះ ក្រោយការផ្សាយលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតនេះ គឺបើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយ ប្តឹង​តវ៉ាទៅនឹងលទ្ធផល​នេះបាន។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ន នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) គឺធ្វើឡើងចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។

លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ្រប់សកម្មភាពទាំងអស់ រាប់ទាំងការតវ៉ាផងដែរ គឺត្រូវអនុវត្តដោយការគោរពច្បាប់ ពោលគឺត្រូវដាក់ពាក្យបណ្ដឹងតវ៉ា ឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ស្ដីពី ការបោះឆ្នោត ក្នុងនោះមានទាំងរយៈពេលនៃការប្ដឹងតវ៉ា របៀបរបបនៃប្ដឹងការតវ៉ា នីតិវិធីនៃការដាក់ពាក្យបណ្ដឹង និងបែបទដទៃទៀត។

លោកថា ប្រសិនបើជាការតវ៉ាខុសពីនីតិវិធី នោះជាការអនុវត្តខុសឆ្គងទៅនឹងច្បាប់បោះឆ្នោតហើយ ដែលប្រការនេះ តម្រូវឲ្យ គ.ជ.ប ធ្វើការពិនិត្យ និងពិចារណាអំពីស្ថានភាពទោសនៃទង្វើនោះ តើត្រូវចាត់វិធានការយ៉ាងណា? ព្រោះគ្រប់ប្រជាពលរដ្ឋទាំងអស់ ត្រូវស្ថិតនៅក្នុងរង្វង់ច្បាប់ សូម្បីតែ គ.ជ.ប ក៏ត្រូវអនុវត្តតាមច្បាប់ដែរ។

លោក ពុទ្ធា ថ្លែងយ៉ាងដូច្នេះថា «ការបញ្ចេញយោបល់របស់ពួកគាត់ គ្រាន់តែជាមតិភាគតិច ឬយោបល់ផ្ទាល់ខ្លួននោះទេ ប៉ុន្តែបើគាត់ធ្វើសកម្មភាពអ្វីដែលប៉ះពាល់ដល់តួនាទី ឬផ្ទុយពីនីតិវិធីរបស់ គ.ជ.ប ប៉ះពាល់ដល់សេចក្ដីសម្រេចចិត្តរបស់ប្រជាពលរដ្ឋនោះ គ.ជ.ប នឹងចាត់វិធានការទៅតាមស្ថានភាពជាក់ស្ដែង»។

មួយទៀតសោត នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះដែរ ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណា ដែលបង្កសកម្មភាពមិនគប្បី ក្នុងគោលបំណងជំទាស់នឹងផលទ្ធផលបោះឆ្នោត ម្សិលមិញនេះ ឲ្យតែទង្វើទាំងនោះផ្ទុយពីច្បាប់បោះឆ្នោត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋទៅបោះឆ្នោត ចំនួន ៦,៧៤៣,៣២៩នាក់ ស្មើនឹង ៨៥.៧៤ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦។ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសកម្ពុជា បានបិទបញ្ចប់នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

លទ្ធផលបឋមក្រៅផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ ដោយទទួលបាន ១,១៦៣ឃុំ-សង្កាត់ ខណៈគណបក្សសង្គ្រោះជាតិទទួលបាន ៤៨២ឃុំ-សង្កាត់ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន១ឃុំដែរ ក្នុងចំណោមឃុំ-សង្កាត់ ១,៦៤៦ នៅទូទាំងប្រទេស។

សម្រាប់លទ្ធផលផ្លូវការ នឹងប្រកាសផ្សាយយ៉ាងយូរបំផុត ត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពី គ.ជ.ប ធ្វើការផ្ទៀងផ្ទាត់ និងដោះស្រាយបណ្តឹង ពាក់ព័ន្ធចប់សព្វគ្រប់៕