(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋកម្ពុជា ជាង៣លាន៥សែននាក់ ដែលបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ឲ្យបន្ដឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ហើយបន្ដដឹកនាំឃុំសង្កាត់ប្រមាណជាង៧០ភាគរយ នៅទូទាំងប្រទេស។

លោក ហ៊ុន ម៉ាណែត បានបង្ហោះនៅលើ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា «​ខ្ញុំសូមអរគុណចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងជាង ៣លាន៥សែននាក់ ដែលបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលឲ្យគណបក្សបានឈ្នះ និងដឹកនាំឃុំសង្កាត់ចំនួនប្រមាណជា៧០% នៅទូទាំងប្រទេស»។

លោក ​បានបញ្ជាក់ថាទៀតថា ​អ្វីដែលគួរជាទីមោទនៈភាពនោះគឺ សម្លេងប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រ​ដល់គណបក្សប្រជាជន មានការកើនឡើងជាង ៣០ម៉ឺនសម្លេង បើប្រៀបនឹងការបោះឆ្នោតឆ្នាំ២០១៣ និងកើនខ្ពស់ជាងបក្សផ្សេងទៀតនៅកម្ពុជា ដែលនេះជាសញ្ញាវិជ្ជមានមួយយ៉ាងពិតប្រាកដ សម្រាប់គណបក្សប្រជាជនបន្តទៅដណ្តើមយកជ័យជំនះ សម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ។

បើតាមលោក ហ៊ុន ម៉ាណែត «លទ្ធផលនេះ គឺកើតឡើងពីកម្លាំងសាមគ្គីរបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងសមាជិក សមាជិការគណបក្សប្រជាជនយើង​ទាំងក្នុង និងក្រៅប្រទេស និងសូមឲ្យកម្លាំងសាមគ្គីនេះកាន់តែរឹងមាំ និងបន្តជាកម្លាំងដើម្បីធានាភាពជោគជ័យរបស់គណបក្សប្រជាជនទៅថ្ងៃអនាគត»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែបង្ហាញក្តីរីករាយចំពោះលទ្ធផលនៅថ្ងៃម្សិលមិញនេះ ព្រោះការបោះឆ្នោតនេះ បើធៀបឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា បានកើនសំឡេងឆ្នោតជាង ៣០ម៉ឺនសំឡេង។ តាមរយៈលទ្ធផលនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តដណ្តើមបានជ័យជម្នះនៅឆ្នាំ២០១៨ ក្នុងការដឹកនាំរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា លទ្ធផលបឋម និងមិនទាន់ផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ គណបក្សប្រជាជនកម្ពុជាទទួល ១១៦៣ឃុំ-សង្កាត់, គណបក្សសង្គ្រោះជាតិ  ទទួលបាន ៤៨២ឃុំ-សង្កាត់ និង គណបក្សខ្មែររួបរួមជាតិ ១ឃុំ៕