(ប៉េកាំង)៖ អភិបាលរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក លោក Jerry Brown បានមកដល់ប្រទេសចិនហើយ ដើម្បីបំពេញដំណើរ​ទស្សនកិច្ច និងចូលរួមកិច្ចប្រជុំបរិស្ថានដ៏ធំមួយក្នុងទីក្រុងប៉េកាំង ក្នុងការដោះស្រាយ​បញ្ហាប្រឈមនានា បើទោះបីជា​សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ដោយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា បណ្តាប្រទេសសរុបជាង ២០ មកពីតំបន់អឺរ៉ុប អាស៊ី និងអាមេរិក បានមកជួបប្រជុំគ្នាក្នុងទីក្រុង​ប៉េកាំងប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំស្តីពីនយោបាយថាមពលស្អាត ដែលត្រូវបានប្រកាសរៀបចំគំរោង​តាំងពីដើមខែឧសភា មកម្ល៉េះ។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំនាថ្ងៃចន្ទនេះ បានធ្វើឡើងចំពេលដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ប្រកាសដកខ្លួន​ចេញពី​កិច្ចព្រមព្រៀងទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដែលអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខា​នៅទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥។

ទោះបីជាបែបនេះក្តី អភិបាលរដ្ឋ និងទីក្រុងជាច្រើនទូទាំងសហរដ្ឋអាមេរិក បានអះអាងកាលពីសប្តាហ៍មុននេះ​ថា ពួកគេនឹងនៅតែបន្តអនុវត្តន៍​កិច្ចព្រមព្រៀងខាងលើ​នេះដដែល ទោះបីជា​រដ្ឋបាលលោក ត្រាំ សម្រេចដក​ខ្លួនចេញក្តី ហើយពួកគេនឹង​អាចបន្តកិច្ចសហប្រតិបត្តិការ​ជាមួយដៃគូអន្តរជាតិ និងបណ្តាប្រទេសក្នុងកិច្ច​ព្រមព្រៀងនោះដដែល ក្នុងន័យបន្តឆន្ទៈការពារបរិស្ថានភពផែនដី តាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស កាលពីឆ្នាំ២០១៥ នោះ៕