(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការិយាល័យបោះ ឆ្នោតចំនួន ២២,១៤៨ការិយាល័យ ព្រមទាំងបរិក្ខាប្រើសម្រាប់ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ស្អែកនេះ ត្រូវបានរៀបចំរួលរាល់អស់ហើយ។

សម្រាប់ការិយាល័យមួយចំនួននៅក្នុងខេត្តប៉ៃលិន ដែលជន់លិចដោយជំនន់ទឹកភ្លៀងនោះ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ត្រូវបានរុះរើទៅកន្លែងថ្មីរួចរាល់ហើយ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ស្អែកនេះ នឹងត្រូវធ្វើឡើងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។ លោក ហង្ស ពុទ្ធា បានអំពាវនាវប្រជាពលរដ្ឋទាំងដែលបានចុះឈ្មោះ ចូលរួមបោះឆ្នោតរួចរាល់​ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយភ្ជាប់ទៅ ជាមួយអត្តសញ្ញាណសញ្ជាតិខ្មែរ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន១២ បានចូលរួមប្រកួតប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស ដែលមានចំនួន ១,៦៤៦ឃុំ សង្កាត់។ គណបក្សនយោបាយទាំង ១២នោះ រួមមាន៖ គណបក្សនយោបាយទាំង១២ ដែលចូលរួមប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជា (ប្រ.ជ), គណបក្សសង្រ្គោះជាតិ (គ.ស.ជ), គណបក្ស ហ៊្វុន ស៊ិនប៉ិច, គណបក្សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (គ.ស.ប), គណបក្សខ្មែររួបរួមជាតិ (ខ.រ.ជ), គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (គ.ស.ស.ប), គណបក្សសញ្ជាតិកម្ពុជា (គ.ស.ក), គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម), គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (គ.ស.រ.ប), គណបក្សយុវជនកម្ពុជា (គ.យ.ក), គណបក្សអំណាចខ្មែរ (គ.អ.ខ) និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា (គ.ជ.ប.ក)។

បើតាមលោក ហង្ស ពុទ្ធា បេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានចុះឈ្មោះប្រកួតប្រជែងមានចំនួនសរុប ៩៤,៥៩៥នាក់។ បេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់នេះ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិប៉ុណ្ណោះ ដែលបានចុះឈ្មោះគ្រប់ឃុំ សង្កាត់ទាំង អស់។

សម្រាប់ការបោះឆ្នោតនេះដែរ មានអ្នកសង្កេតការណ៍ជាតិ ចំនួនសរុប ៧៤,៦៧១ អ្នកសង្កេតការណ៍អន្តរជាតិ ៣៨៤នាក់ នឹងចូលរួមតាមដានដំណើរការបោះឆ្នោតនេះ។ ក្រៅពីអ្នកសង្កេតការជាតិ និងអន្តរជាតិហើយនោះ ក៏មានភ្នាក់ងារគណបក្សនយោបាយពេញសិទ្ធិ និងបម្រុងសរុប ១០៥,៣៤៨នាក់ផងដែរចូលរួមតាមដានការបោះឆ្នោត។

ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅថ្ងៃបោះឆ្នោតទី០៤ ខែមិថុនា ស្អែកនេះ កងកម្លាំងសមត្ថកិច្ចសរុប ៣៧,៥៣០នាក់ នឹងត្រូវដាក់ពង្រាយការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងនោះកម្លាំងនគរបាលមានចំនួន ៣៥,០៤៣នាក់ កងរាជអាវុធហត្ថចំនួន ៦៤៣នាក់ និងកងយោធពលខេមភូមិន្ទ ១,៨៤៤នាក់៕