(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហើរសារមួយប្រាប់ទៅលោក ជុន ច័ន្ទបុត្រ​ អនុប្រធាន វិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ដែលកំពុងមានរឿងក្តីព្រហ្មទណ្ឌនៅតុលាការថា «ជុង នៅតែចាំបុត្រ» ជានិច្ច បន្ទាប់ពីលោក ជុន ចន្ទ័បុត្រ នឹងលោក ថា កិត្យា បានផ្សព្វផ្សាយនៅព័ត៌មានបំប៉ោងមួយ កាលពីយប់ម្សិលមិញ។

លោក ខៀវ សុភ័គ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងយ៉ាងដូច្នេះថា «អ្នកទាំងពីរនាក់នេះបានផ្សាយព័ត៌មានបំផ្លើស និងបំប៉ោងតួលេខ ដែលថា អ្នកចូលរួមហែរក្បួន CNRP មានជាងកន្លះលាននាក់។ តួលេខនេះជាតួលេខលំអៀង ក្នុងចេតនាបំបែកបំបាក់ជាតិខ្មែរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលគណបក្ស CNRP បានសន្យាឱ្យ ជុន ចន្ទ័បុត្រ។ ជុន ចន្ទ័បុត្រ ពិតជាមានចេតនាចង់ផ្តួលរំលំរាជរដ្ធាភិបាលកម្ពុជា ដូចដែលបក្សពួកខ្លួនធ្លាប់ បានធ្វើនៅភូមា។ ដោយឡែក V.O.A. ខេមរភាសាដែលមាន លោក សុខ ខេមរា កំពុងស្ថិតនៅរាជធានីភ្នំពេញ បានផ្សាយព័ត៌មាន ស្តីពីការបិទយុទ្ធាការ បោះឆ្នោត ដែលអាចទទួលយកមកស្តាប់បាន»។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្ថែមទៀតថា «ឥឡូវថា សំណាងទៅចុះដែល ជុន ច័ន្ទបុត្រ មានសញ្ចាតិ២ ច្បាប់កម្ពុជាមិនអាចចងជាប់។ តែទោះយ៉ាងណាក៏ដោយ ជុងនៅតែចាំបុត្រ»ទេ។

សូមបញ្ជាក់ថា លោក ជុន​ ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា  ត្រូវបានតុលាការរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ក្នុងនាមជាជនសង្ស័យនៃសំណុំរឿងបន្លំចូលពន្ធនាគារ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ប៉ុន្តែទោះជាយ៉ាងណា លោកពុំបានចូលខ្លួនតាមការ កោះហៅរបស់តុលាការទេ ព្រមទាំងបានរត់ចេញពីប្រទេសកម្ពុជា ទៅសហរដ្ឋអាមេរិក៕