(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនឲ្យមានការលក់ដូរ និងពិសារគ្រឿងស្រវឹងនោះឡើយនៅថ្ងៃទី០៣ និងទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងបញ្ចៀសអំពើហិង្សា នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤។

តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចេញកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើនអាចបង្កមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈថែមទៀតផង។

ដើម្បីបញ្ចៀសបញ្ហាទាំងនេះ រាជរដ្ឋាភិបាល បានណែនាំដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្កិច្ច ត្រូវផ្សព្វផ្សាយអប់រំណែនាំប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ ឲ្យផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹង ក្នុងគោលបំណេងធ្វើឱ្យកិច្ចដំណើរការបោះឆ្នោត ជ្រើសរើសក្រុបម្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ប្រព្រឹត្តទៅដោយបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា៕