(ភ្នំពេញ)៖ យោងតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែមិថុនា ដែលជាថ្ងៃ «ស» និងថ្ងៃទី០៤ ខែមិថុនា ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ អាជីវកម្មខារ៉ាអូខេ ឌីស្កូតែក រង្គសាល បៀហ្កាឌិន និងមូលដ្ឋានអាជីវកម្មសេវាកម្សាន្តទេសចរណ៍នៅទូទាំងរាជធានី-ខេត្ត ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពអាជីវកម្មនោះឡើយ។

ការហាមឃាត់ធ្វើឡើងដោយអនុលោមតាមច្បាប់បទបញ្ជា និងនីតវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងបាតុភាពនានា ដែលអាចកើតមានឡើងដោយសារតែការពិសារគ្រឿងស្រវឹង។

ក្នុងសារាចរណែនាំ ដែលចេញផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅនេះ ក្រសួងទេសចរណ៍ ក៏បានណែនាំឲ្យប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ឲ្យផ្អាកអាជីវកម្មឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ក្រៅពីការណែនាំរបស់ក្រសួងទេសចរណ៍ រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានណែនាំដល់ប្រជាពលរដ្ឋមិនឲ្យសេពគ្រឿងស្រវឹងនៅថ្ងៃទី០៣ និងថ្ងៃទី០៤ ខែមិថុនា ផងដែរ ដើម្បីចូលរួមធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ៕