(ភ្នំពេញ)៖ នេះជាលើកដំបូងហើយ នៅក្នុងប្រទេសកម្ពុជា ដែលសមាគមអ្នកវាយតម្លៃអចលនទ្រព្យ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងសកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាង សកលវិទ្យាល័យ និងសមាគម។

ការចុះអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យ និងសមាគមនេះធ្វើឡើង ដើម្បីផ្ដល់ភាពងាយស្រួល​ដល់​និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប អាចចុះកម្មសិក្សា នៅសមាគមអ្នកវាយតម្លៃអចលនទ្រព្យ និងតាមបណ្ដាក្រុមហ៊ុនអចលនទ្រព្យ​នានា​ ដែលជាសមាជិកសមាគមជារៀងរាល់ឆមាស និងរាល់ឆ្នាំ។ ផ្ដល់ឱកាសការងារដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បម្រើការងារនៅតាមសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងតាមបណ្ដាក្រុមហ៊ុននានា ទៅតាមកម្រិតគុណភាពរបស់និស្សិតនីមួយៗ ក៏ដូចជាផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំកំពូលៗរបស់សមាគម អាចធ្វើជាវាគ្មិនកិត្តិយស នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប តាមការស្នើសូមរបស់សកលវិទ្យាល័យប្រចាំឆមាស និងប្រចាំឆ្នាំ។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជាបានថ្លែងថា បានជាសមាគមចុះកិច្ចសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ព្រោះសមាគមត្រូវការធនធានមនុស្ស ហើយសាកលវិទ្យាល័យនេះជារៀងរាល់ឆ្នាំបានបណ្ដុះបណ្ដាលនិស្សិតរាប់ម៉ឺននាក់ ហើយនៅសមាគមយើងមានជិត១០០ក្រុមហ៊ុន ដែលត្រូវការអ្នកចុះកម្មសិក្សាផង និងបុគ្គលិកធ្វើការ ផង។ ដូច្នេះនៅពេលដែលយើងចុះអនុស្សរណៈជាមួយគ្នាគឺជាជំហរមួយដែលអាចផ្ដល់ឲ្យនិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបអាចចុះទៅធ្វើកម្មសិក្សានៅតាមសមាគមបាន។​​

លោកបន្ដទៀតថា សាលាជាអ្នកផលិតធនធានមនុស្សសមាគមជា​អ្នកប្រើប្រាស់ហើយនៅក្នុង​សមាគមរបស់យើង​មានក្រុមហ៊ុន ជិត១០០ និងមានសមាជិកប្រមាណជិត១ពាន់នាក់ ក្នុងចំណោមសមាជិកទាំងអស់នេះ គឺមានអ្នកខ្លះកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ប្រសិនបើមានសមាជិកណាដែលមាន​បំណង់ចង់បន្ដការសិក្សាក្នុងសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ​មិនថាតែម្ចាស់ក្រុមហ៊ុនក៏ដោយ បុគ្គលិកក្នុងសមាគមក៏ដោយ សមាជិករបស់សមាគម សូមឲ្យពួកគាត់ទាំងអស់​ទាក់ទងមក​សមាគមដើម្បីឲ្យសមាគមធ្វើលិខិតមកសាកលវិទ្យាល័យ នោះពេកគេទាំងអស់គ្នានឹងទទួលបានការ​បញ្ចុះតម្លៃពិសេសរហូតដល់
ទៅ៣០ភាគរយ និងអាចសិក្សារយៈពេល៤ឆ្នាំ។ មួយវិញទៀតប្រសិនបើសាកលវិទ្យាល័យត្រូវការវាគ្មិនចែករំលែក ចំណេះដឹង នោះថ្នាក់​ដឹកនាំធំៗរបស់សមាគម នឹងអាចចូលរួមចែករំលែកបទពិសោធន៍ ឬចំណេះដឹងបាន។

លោកបានបញ្ជាក់បន្ថែមថា កន្លងសមាគមមិនដែលចុះអនុស្សរណៈជាមួយនឹងគ្រឹះស្ថានអប់រំណានោះឡើយ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបគឺជាសាកលវិទ្យាល័យទី១ដែលសមាគមបានចុះកិច្ចអនុស្សរណៈជាមួយ។

ក្នុងនោះផងដែរ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានផ្ដល់ជូនដល់សមាគមជាច្រើនរួមមាន៖

* បុគ្គលិកទាំងអស់នៃសមាគមអ្នកវាយតម្លៃអចលនទ្រព្យ និងក្រុមហ៊ុននានាដែលជាសមាជិកសមាគម ដែលសិក្សាថ្នាក់
បរិញ្ញា​បត្ររង និងថ្នាក់បរិញ្ញាប្រ នឹងទទួលបានអាហារូបករណ៍៣០ភាគរយ។

*  ថ្នាក់ដឹកនាំគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រុមហ៊ុននានាដែល ជាសមាជិកសមាគម ដែលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នឹងទទួលបានអាហារូបករណ៍៤០ភាគរយ។

*  ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រុមហ៊ុននានា ដែលជាសមាជិកសមាគម ដែលសិក្សាថ្នាក់បណ្ឌិត នឹងទទួលបានអាហារូបករណ៍ចំនួន៣០ភាគរយ។

* ថ្នាកដឹកនាំកំពូលៗរបស់ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគមអ្នកវាយតម្លៃ និងភ្នាកងារអចលនវត្ថុកម្ពុជា ដែលមានគុណ វឌ្ឍិចាប់ពីបរញ្ញាបត្រជាន់ខ្ពស់ឡើងទៅ និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ មានអាទិភាពធ្វើជាសាស្រ្ដាចារ្យបង្រៀននៅសាកល វិទ្យាល័យអាស៊ីអឺរ៉ុប បានទៅតាមការចរចារគ្នាជាក់ស្ដែងរវាងសមីខ្លួន និងសាកលវិទ្យាល័យ៕