(កែប)៖ លោក ចម ប្រសិទ្ធ ប្រធានក្រុមការងារចុះជួយខេត្តកែប នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ រួមជាមួយ លោក កែន សត្ថា ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តកែប ដឹកនាំសមាជិកសមាជិកា និងអ្នកគាំទ្រ ប្រមាណជាង១ម៉ឺននាក់ ដង្ហែក្បូនឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃបិទបញ្ចប់។

​តាមការវិនិច្ឆ័យរបស់មហាជនទូទៅ បានវាយតម្លៃថា ការចូលរួមគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា​ដ៏ច្រើនលើសលប់នេះ ផ្តើមចេញពីស្រទាប់យុវជន យុវនារី ពិសេសប្រជាពលរដ្ឋគ្រប់មូលដ្ឋាន នៃតំបន់ខេត្តកែបទាំងមូល ដែលពួកគាត់តែងតែមានជំនឿយ៉ាងមុតមាំ លើការដឹកនាំរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលបានជួយអភិវឌ្ឍន៍ឃុំ​សង្កាត់ របស់ពួកគាត់ឲ្យមានភាពរីកចម្រើន ពិសេសរក្សាសុខ សន្តិភាព ជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ក្រៅពីនោះ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាន តែងតែយកចិត្តទុកដាក់ ចុះតាមមូលដ្ឋានដើម្បីឆ្លើយតបនឹងតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោក ចម ប្រសិទ្ធ បានលើកឡើង​សូមបងប្អូន ត្រូវជឿជាក់ទៅគណបក្សប្រជាជនកម្ពុជា ដោយនិយាយតែការពិតមិនចេះនិយាយកុហក ហើយប្រទេសអភិវឌ្ឍន៍រីកចម្រើនរាល់ថ្ងៃគឺ ​ដោយសារគណបក្សប្រជាជនកម្ពុជា​ ហេតុនេះបងប្អូនត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានជំហរយ៉ាងរឹងមាំបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ​គឺបង្កើន សន្តិភាព ប្រទេសជាតិ មានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងៗ ហើយបងប្អូនមានសិទ្ធិសេរីភាព ក្នុងការដើរហើរទៀត ដោយគ្មានការភ័យខ្លាចដូច្នេះ​ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា៕