(ស្វាយរៀង)៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ជាមួយគ្នានេះ លោក ជា បូរ៉ា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក៏បានដឹកនាំសមាជិក-សមាជិកា និងអ្នកគាំទ្រ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅមូលដ្ឋានរបស់ខ្លួនផងដែរ។

មុននឹងចាប់ផ្ដើមដំណើរដង្ហែគណបក្ស លោក ជា បូរ៉ា បានថ្លែងទៅកាន់សមាជិក-សមាជិកា និងអ្នកគាំទ្រថា ក្នុងរយៈពេល១៤ថ្ងៃ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ បេក្ខជនក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជន រួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់ បានអនុវត្តការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរ។

លោកបន្តថា រយៈពេល៣៨ឆ្នាំ កន្លងមកនេះ ពោលចាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលបានខិតខំស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិចាប់ពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃនេះ។

នៅតាមមូលដ្ឋានឃុំ-សង្កាត់ មានការប្រែប្រួលរីកចម្រើនលើគ្រប់ផ្នែក ហើយជីវភាពរស់នៅរបស់ប្រជាជនមានភាពកាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសគឺការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន អណ្តូងទឹក ស្រះទឹក ទំនប់ ប្រឡាយទឹក ប្រព័ន្ធធារាសាស្រ្ត សាលារៀន មណ្ឌលសុខភាព ការផ្គត់ផ្គង់អគ្គីសនី ទឹកស្អាត អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋមូលដ្ឋានកាន់តែលឿនរហ័ស និងមានតម្លាភាព។

លោកប្រធានក្រុមការងារ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សថា ដើម្បីទៅបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១៦ និងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ លេខរៀងទី១ នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ឲ្យបានគ្រប់ៗគ្នា៕