(កណ្តាល)៖ នៅថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ២០១៧​នេះ លោក ម៉ៅ​ ភិរុណ​ សមាជិកគណៈកម្មាធិការកណ្តាល​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល​ និងជាប្រធានគណៈ​ពង្រឹងមូលដ្ឋានក្រុងតាខ្មៅ​ និងលោកស្រី ​បានរៀបចំ​ដឹកនាំក្បួនដង្ហែ បិទយុទ្ធនាការឃោសនាបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ​ សង្កាត់​ អាណត្តិទី៤​ នាថ្ងៃចុងក្រោយ ដោយមានសមាជិក​ សមាជិកាចូលរួមចំនួន១២ ម៉ឺន​នាក់​ នៅទូទាំងខេត្តកណ្តាល​។

ដោយឡែកសម្រាប់ក្រុងតាខ្មៅ​ មានចំនួន១​ម៉ឺននាក់​ ដឹកនាំដោយ​លោក ម៉ៅ​ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាល​ ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកណ្តាល​ និងជាប្រធានគណៈ​ពង្រឹងមូលដ្ឋានក្រុងតាខ្មៅ​ និងអស់លោក​ លោកស្រី​ គណៈពង្រឹង​មូលដ្ឋានក្រុងតាខ្មៅ​។

នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាននានា ក៏បានបើកយុទ្ធនាការហែក្បួនទ្រង់ទ្រាយធំរៀងៗខ្លួន។

សម្រាប់នៅរាជធានីភ្នំពេញ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានដឹកនាំសមាជិក និងអ្នកគាំទ្រប្រមាណ ២០ម៉ឺនដង្ហែពីវិថី៦០ម៉ែត្រ (វិថីសម្តេចតេជោ) ទៅកាន់រង្វាន់មូលគួចកាណុង (គល់ស្ពានស្ទឹងមានជ័យ)ផងដែរ។ នេះជាលើកដំបូងហើយដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោត ទ្រង់ទ្រាយធំសម្បើមបែបនេះ ចាប់តាំងពីឆ្នាំ២០០២មក៕