(ភ្នំពេញ)៖​ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​នៅ​កម្ពុជា ​លោក ​សុខ ​ឥសាន ​នៅ​ថ្ងៃទី០២ ​ខែមិថុនា ​ឆ្នាំ២០១៧នេះ ​បាន​រិះគន់​ជាថ្មី​ដល់​ប្រទេស​មហាអំណាច ​សហរដ្ឋអាមេរិក​។ ​លោក​បាន​ថ្លែង​ថា ​សហរដ្ឋអាមេរិក​តែង​មានការ​ឈឺចាប់​នឹង​ប្រទេស​ដទៃ​លូកលាន់ ​ដល់​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន ​ប៉ុន្តែ​ប្រទេស ​ប្រជាធិបតេយ្យ​មួយ​នេះ ​បែរជា​ចូលចិត្ត​លូកលាន់​ដល់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ ​ជាពិសេស​ប្រទេស​កម្ពុជា​ទៅវិញ​។

ការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា ​បាន​ធ្វើឡើង​ស្រប​ពេល​ដែល​ភ្នាក់ងារ​សមត្ថកិច្ច​ជំនាញ​ជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក ​បើក​ស៊ើបអង្កេត​ទៅលើ ​រដ្ឋាភិបាល​រុស្ស៊ី ​ដែល​ជាប់សង្ស័យ​ថា ​បាន​លូកដៃ​ចូល​ជ្រៅ ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​និង​បាន​ជួយ​ដល់ ​លោក​ដូ​ណាល់ ​ត្រាំ ​បេក្ខជន​មក​ពី ​គណបក្ស​សាធារណរដ្ឋ ​ដើម្បី​ឱ្យ​ឈ្នះ​ឆ្នោត​ក្លាយជា ​ប្រធានាធិបតី​ទី៤៥ ​របស់​សហរដ្ឋអាមេរិក ​បន្ត​ពី​លោក ​អូ​បា​ម៉ា​។

លោក ​សុខ ​ឥសាន ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ ​«​ស.រ.អា ​បាន​និង​កំពុង​រិះគន់ ​និង​ធ្វើការ​ស៊ើបអង្កេត​លើ​ការ​លូកដៃ​ចូលក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ​ស.រ.អា ​។ ​អាមេរិក​ចេះ​ឈឺចាប់​ចំពោះ​ការ​លូកដៃ ​របស់​បរទេស ​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។ ​ប៉ុន្តែ​គួរឲ្យ​ឆ្ងល់ ​ហេតុអ្វីបានជា ​ស.រ.អា ​ចូលចិត្ត​លូកដៃ ​ចូល​កិច្ចការ​ផ្ទៃ ​ក្នុង​បណ្តា​ប្រទេស​ទៅវិញ ​ជាពិសេស​កម្ពុជា​»​

លោក​បាន​បន្ថែម​ទៀត​ថា ​ពេលនេះ ​វិទ្យុ​អាមេរិក ​និយាយ​ភាសាខ្មែរ ​បាន​និង​កំពុង​ដើរតួ​ជា​អ្នកនាំពាក្យ​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា ​ហើយ​ថែមទាំង​ជា​យន្តការ ​នៃ​ក្បាលម៉ាស៊ីន ​ឃោសនា​ឲ្យ​គណបក្ស​ប្រឆាំង ​យ៉ាង​ច្បាស់ក្រឡែត​ទៀតផង ​មិន​អាច​ប្រកែក​បាន​ឡើយ​។ ​ស.រ.អា ​ចេះ​ឈឺចាប់​ដោយសារ​រុស្សី​លូកដៃ​ចូល​ការបោះឆ្នោត ​ប្រធានាធិបតី​ខ្លួន ​ចុះ​ហេ​តុ​ម៉្តេច​សហរដ្ឋអាមេរិក ​ចូលចិត្ត​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​បណ្តា​ប្រទេស​ដទៃ​ទៅវិញ ​តើ​គេ​មិន​ចេះ​ឈឺចាប់​ដូច​អាមេរិក​ឬ​យ៉ាងណា​?​៕