​(ភ្នំពេញ)៖ ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​ក្នុង​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ ​ឃោសនា​រក​សំឡេងឆ្នោត​នៅ​រាជធានី​ភ្នំពេញ ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា ​និង​ជានា​យក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ដ៏​មាន​ឥទ្ធិពល ​នៅ​ព្រឹក​ថ្ងៃទី០២ ​ខែមិថុនា ​ឆ្នាំ២០១៧នេះ ​មានការ​ចូលរួម​ដង្ហែ ​និង​គាំទ្រ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ពី​ថ្នាក់ដឹកនាំ ​សមាជិក ​សមាជិកា ​និង​ប្រជាពលរដ្ឋ​អ្នក​ស្រឡាញ់​ពេញចិត្ត​ចំពោះ​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​មួយ​នេះ​។

ក្បួនដង្ហែ​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​នៅ​លើ​វិថី​សម្តេច​តេជោ ​ហ៊ុន ​សែន ​ឬហៅ​ផ្លូវ៦០ម៉ែត្រ​ក្នុង​សង្កាត់​ចាក់អង្រែក្រោម ​ខណ្ឌមានជ័យ ​ហើយ​បាន​ឆ្ពោះ​មកកាន់​មហាវិថី​ព្រះមុនីវង្ស ​និង​បាន​បំបែក​ក្បួន​នៅ​រង្វង់​មូល​គួច​កាណុង ​ឬ​គល់​ស្ពាន​ជ្រោយចង្វា​។ ​ក្បួនដង្ហែ​របស់​គណបក្សប្រជាជន​កម្ពុជា ​ត្រូវ​បាន​ចែកចេញជា ​១៦ផែន ​ដែល​ក្នុង​នោះ​មាន​ផែន​អ្នកគាំទ្រ​មក​ពី​ខណ្ឌ​ទាំង១២ ​ហើយក៏​មាន​ផែន​យុវជន ​សិល្បៈ​ករ ​សិល្បៈ​ការិនី ​កីឡាករ ​កីឡាការិនី ​និង​ផែន​របស់​ពលករ ​ពល​ការិនី​ផង​ដែរ​។

ជា​ការ​កត់សម្គាល់​ក្បួន​ឃោសនា​រក​សំឡេង​របស់​គណបក្សប្រជាជន​កម្ពុជា ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​សម្តេច​តេជោ ​ហ៊ុន ​សែន ​នា​ព្រឹកមិញ​នេះ ​ក្រៅពី​ក្បួន ​អ្នក​ហែរ​ហម​ពី១៥ម៉ឺន​នាក់​ទៅ២០ម៉ឺន​នាក់​នោះ ​នៅ​តាម​ដងផ្លូវ​ដង្ហែក្បួន ​គេ​ក៏បាន​ឃើញ​ប្រជាពលរដ្ឋ ​លោកគ្រូ ​អ្នកគ្រូ ​សិស្ស​និស្សិត ​និង​បុគ្គលិក​ក្រុម​ឯកជន ​ព្រមទាំង​ក្រុម​អ្នក​រត់​ម៉ូតូឌុប ​ម៉ូតូ​កង់៣ ​ក៏បាន​ចេញ​មក​ទះដៃ​ស្វាគមន៍​ចំពោះ​វត្តមាន​សម្តេច​តេជោ ​ហ៊ុន ​សែន ​ដឹកនាំ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​ផង​ដែរ​។

សម្តេច​តេជោ ​ហ៊ុន ​សែន ​នៅលើរថយន្ត​ដឹកនាំ​ក្បួន ​ដែល​ឈរ​អម​ដោយ​សម្តេច ​សាយ ​ឈុំ ​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា ​រួម​និង​អភិបាល​រាជធានី​ភ្នំពេញ ​លោក ​ប៉ា ​សុ​ជាតិ​វង្ស ​និង​សិល្បៈ​ករ ​សិល្បៈ​កា​រិនី​ល្បី​ៗ​នៅ​កម្ពុជា​ផង​នោះ ​បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ឲ្យ​បន្ត ​បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា ​ក៏ដូចជា​គាំទ្រ​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់ ​របស់​គណបក្សប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​។

សម្តេច​តេជោ ​ហ៊ុន ​សែន ​ក្នុង​សារ​នយោបាយ​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ ​បាន​រំលឹក​ប្រជាពលរដ្ឋ​ថា ​គណបក្សប្រជាជន​កម្ពុជា ​គឺជា​គណបក្ស​នយោបាយ​ថ្លៃថ្នូរ ​មាន​ភាព​ចាស់ទុំ ​ជាពិសេស​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ប្រទេស​យ៉ាង​រឹងមាំ​។ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ក៏បាន​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ផង​ដែរ​ថា ​គណបក្ស ​ប្រជាជន​កម្ពុជា ​គឺជា​គណបក្ស​នយោបាយ ​ដែល​បាន​ប្រឹងប្រែង​នាំមក​នូវ​សុខ​សន្តិភាព ​និង​អភិវឌ្ឍន៍​ឲ្យ​មាន​អ​គារ​ខ្ពស់​ៗ​ក្នុង​រាជធានី​ភ្នំពេញ ​និង​សាលា​រៀន​ល្អ​ៗ ​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​បាន​សិក្សា​រៀនសូត្រ​ផង​ដែរ​។

«​សូម​បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា ​ដើម្បី​ទទួល​បាន​នូវ​សុខ​សន្តិភាព ​និង​សមិទ្ធ​ផល​ថ្មី​ៗ​បន្ត​ទៀត​សម្រាប់​ជាតិ​របស់​យើង​។ ​សូម​បងប្អូន​ប្រជាពលរដ្ឋ ​ទាំងអស់​ចូល​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង​។ ​ខ្ញុំ​សូម​អរគុណ​ណាស់ ​ដែល​បាន​ខិតខំ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាមួយគ្នា​»​។ ​សម្តេច​តេជោ ​បាន​គូសបញ្ជាក់​។

នៅពេល​ក្បួន​រថយន្ត​អម​សងខាង​មុខក្រោយ​ដោយ​ក្បួន​ម៉ូតូ​ប្រមាណ៥០០គ្រឿង ​បាន​ធ្វើដំណើរ​មកដល់​ព្រះ​សក្យមុនី​ចេតិយ​មុខ​ស្ថាន​នីយ​រថភ្លើង ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ក៏បាន​ឈប់​ក្បួន​រថយន្ត​ថ្លែង​សារ​ទៅកាន់​ប្រជាពលរដ្ឋ​។ ​ក្រៅពី​ការ​ថ្លែង​សារ​ទៅកាន់​ប្រជាពលរដ្ឋ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​ថ្លែងសច្ចា​ចំពោះ ​សារីរិកធាតុ​របស់​ព្រះសម្មាសម្ពុទ្ធ​នៅ​ព្រះ​សក្យមុនី​ចេតិយ​ថា ​នឹង​ប្រឹងប្រែង​ដឹកនាំ​ប្រទេសជាតិ ​ឲ្យ​កាន់តែ​រីកចម្រើន ​និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព ​កាន់តែ​ល្អ​ប្រសើរ​។

សម្តេចតេជោ ហ៊ុន សែន ក៏បានសូមពរជ័យពីព្រះសារីរិកធាតុឲ្យសម្តេចមានសុខភាពល្អប្រសើរកម្លាំងពលំកាន់តែខ្លាំងក្លា ដើម្បីបន្តដឹកនាំ ប្រទេសជាតិ និងប្រជានជកម្ពុជា ឲ្យឆ្ពោះទៅរកការរីកចម្រើនបន្ថែមទៀត។

សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​បញ្ជាក់​ផង​ដែរ​ថា ​ការដឹកនាំ​ជាតិ​កម្ពុជា​ជាច្រើន​ឆ្នាំ ​ពោល​តាំងពី​សម្តេច​ធ្វើជា​នាយក​រដ្ឋមន្រ្តី​មាន​វ័យក្មេង​​ជាងគេ ​រហូតដល់​មាន​វ័យ​ចំណាស់​ជាងគេ​នេះ ​មិនមែន​សម្តេច​មិន​ហត់នឿយ​នោះ​ទេ ​សម្តេច​ក៏​ចង់​ឈប់សម្រាក​ផង​ដែរ​។ ​តែ​ប្រសិនបើ​សម្តេច​​ឈប់សម្រាក ​និង​មិន​បន្ត​ដឹកនាំ​ទេ ​នឹង​គ្មាន​នរណា​មក​គ្រប់គ្រង​ស្ថានការណ៍​ដ៏​ស្មុគស្មាញ​​របស់​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​បាន​នោះ​ឡើយ​។

ទាំងប្រជាពលរដ្ឋដែលបានចូលរួមដង្ហែក្បួន ក៏ដូចជាប្រជាពលរដ្ឋឈរអមតាមដងផ្លូវសុទ្ធតែបានបង្ហាញការយល់ឃើញដូចៗគ្នាថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលពួកគាត់ជឿថា អាចរក្សាបាននូវសុខសន្តិភាព និងកសាងអភិវឌ្ឍន៍ជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖