(បាត់ដំបង)៖ ប្រជាពលរដ្ឋជាច្រើននាក់ នៅស្រុកសំឡូត ខេត្តបាត់ដំបង ដែលភាគច្រើនជាអតីតខ្មែរក្រហម នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រកាសប្តេជ្ញា បន្តបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា ដោយសារតែគណបក្សនេះ បាននាំមកនូវសមាហរណកម្ម សន្តិភាព និងការអភិវឌ្ឍ ដល់តំបន់របស់ពួកគេរស់នៅ។  

ការប្រកាសប្តេជ្ញាចិត្តរបស់ ប្រជាពលរដ្ឋជាច្រើននាក់ នៅស្រុកសំឡេងនាពេលនេះ បានធ្វើឡើងចំពោះមុខ លោក អ៊ុក គង់ សមាជិកព្រឹទ្ធសភា អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តបាត់ដំបង និងប្រធានក្រុមការងារស្រុកសំឡូត នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត។

លោក ឈុំ សុជាតិ អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសំឡូត បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ពលរដ្ឋទាំងនោះ សុទ្ធសឹងតែជា អតីតខ្មែរក្រហម បានធ្វើសមាហរណកម្ម នាអំឡុងឆ្នាំ១៩៩៦។ ពួកគេបានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលបានបញ្ចប់សង្រ្គាម ហើយនាំមកនូវភាពសុខសាន្ត ការអភិវឌ្ឍនៅស្រុកភូមិ ដែលពួកគរស់នៅ។ ប្រជាពលរដ្ឋទាំងនោះ ក៏បានប្រកាសដែរថា ពួកគេនឹងខិតខំ ការពារសន្តិភាពនេះ ហើយមិនព្រមឱ្យសង្រ្គាមកើតឡើងនៅកម្ពុជាទៀតឡើយ។

លោក អ៊ុក គង់ អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តបាត់ដំបង និងប្រធានក្រុមការងារស្រុកសំឡូត  បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលនៅតែជឿជាក់លើគណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា ក៏ប្តេជ្ញាដូចគ្នាក្នុងការបម្រើប្រជាពលរដ្ឋ ជាពិសេសមេឃុំ របស់ គណបក្សប្រជាជនកម្ពុជា ដែលនឹងបន្តជាប់ឆ្នោតនាពេលខាងមុខ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការបម្រើប្រជាពលរដ្ឋមូលដ្ឋាន៕