(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិក សមាជិកាគណៈចលនាសាសនិកឥស្លាម និងយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណជាង១ពាន់នាក់ ហែក្បូនឃោសនាបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃបញ្ចប់នេះ។

លោកបានលើកឡើងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាបានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានលើកកម្ពស់ជីវភាព រស់នៅមានហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់គ្រប់គ្រាន់ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលារៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសសាសនិកឥស្លាមមានសិទ្ធិសេរីភាព គោរពប្រតិបត្តិសាសនា ដោយមិនរើសអើង។

លោក​ អូស្មាន ហាស្សាន់ ក៏បានផ្ដាំផ្ញើឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសញ្ញាសម្គាល់ឲ្យបានគ្រប់ៗ​គ្នា នៅតាមការិយាល័យបោះឆ្នោត ដែលស្ថិតនៅក្នុងឃុំរបស់បងប្អូន ហើយសូមមេត្តាកុំភ្លេចនាំយកនូវអត្តសញ្ញាណប័ណ្ណ ឬ​ឯកសារតម្រូវផ្សេងៗ ទៅជាមួយ ដើម្បីទទួលបានសិទ្ធិបោះឆ្នោតស្របច្បាប់។

ក្នុងពិធីដង្ហែរក្បួនឃោសនានេះ សមាជិកទាំងអស់បានស្រែកជ័យ​ឃោសតាមភូមិនានាក្នុងសង្កាត់ច្រាំងចំរេះ១ និងសង្កាត់ច្រាំងចំរេះ២ ព្រមទាំងប្តេជ្ញាចិត្តថា ពួកគាត់ និងប្រជាពលរដ្ឋទាំងអស់ នឹង​នាំគ្នា​ទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ៕