(ញូដេលី)៖ កងទ័ពឥណ្ឌា​នៅថ្ងៃសុក្រនេះ បានបាញ់សាកល្បង​ដោយជោគជ័យនូវ មីស៊ីលផ្លោង​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ Prithvi-II នៅឯ តំបន់ឆ្នេរភាគខាងកើតនៃរដ្ឋ Odisha ខណៈដែល​ស្ថានការណ៍ជាមួយប្រទេសប៉ាគីស្ថាន នៅតែបន្តរសើបតាមព្រំដែន។ នេះបើតាមប្រភពពីមន្ត្រីយោធាឥណ្ឌា ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។

ប្រភពពីយោធា​ឥណ្ឌាបានឱ្យដឹងទៀតថា មីស៊ីល Prithvi-II ត្រូវបានបាញ់ចេញពី​កន្លែងធ្វើតេស្ដ Integrated Test Range ស្ថិតនៅតំបន់ Chandipur ស្ថិតនៅក្បែរ​ស្រុក Balasore នៃភាគខាងកើត Odisha នៅម៉ោងប្រមាណ ១០៖០០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) នៅថ្ងៃសុក្រនេះ។ Prithvi-II គឺជាប្រភេទមីស៊ីល ផ្លោងដំបូង​បំផុត ដែលផលិតនៅក្នុងស្រុក​ដោយក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌា ហើយវាមានសមត្ថភាព​បំពាក់ក្បាល់គ្រាប់នុយក្លេអ៊ែរទម្ងន់ ៥០០គីឡូក្រាម ជាមួយនឹងការវាយប្រហារ​លើគោលដៅ ចម្ងាយ ៣៥០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា មីស៊ីល Prithvi-II ក៏មានសមត្ថភាព​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរពីរគ្រាប់ ក្នុងពេលតែមួយផងដែរ ដោយវាមានម៉ូទ័ររុញ​ច្រានចំនួនពីរ៕