(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត មានការជួបសមាជិកបក្ស ដើម្បីឃោសនារកសំឡេងឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់មានអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា រាប់ម៉ឺននាក់មកពីបណ្តាស្រុកក្រុងទាំង៨ ដើម្បីចូលរួមក្បួនដង្ហែបក្ស។

លោកស្រី ម៉ែន សំអន បានថ្លែងថា ពិតជាមានសេចក្តីរីករាយជាខ្លាំងពេលឃើញសមាជិករបស់បក្ស និងបងប្អូនប្រជាពលរដ្ឋ បានមកចូលរួមគាំទ្រដង្ហែបក្សច្រើន ហួសការរំពឹងទុក ហើយក៏សូមបងប្អូនកូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការបញ្ជាយាន្តជំនិះ ដង្ហែរបក្សកុំអោយមានគ្រោះថ្នាក់ចរាចរ និងត្រូវមានការយោគយល់គ្នាទៅវិញទៅមកធ្វើយ៉ាងណា គោរពទៅតាមច្បាប់គ.ជ.បដែលបានកំណត់។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃបញ្ចប់នៃការឃោសនារកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដូច្នេះនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ ជាថ្ងៃបោះឆ្នោតសូមសមាជិកបក្សទាំងអស់ ត្រូវត្រៀមឯកសារដែលពាក់ពន្ធ័ព្រមទាំងចេះ ចលនាបងប្អូនកូនក្មួយអោយទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អោយបានគ្រប់ៗគ្នាដើម្បីមានការអភិវឌ្ឍមូលដ្ឋានរីកចម្រើន ជាបន្តបន្ទាប់ទៀត។ ដោយឡែកចំណែកក្បួនឃោសនា​គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមឃោសនាមានរយះពេលមួយថ្ងៃពេញតែម្តងក្នុងនោះគណបក្សនយោបាយដ៏ទៃទៀតពុំមានធ្វើសកម្មភាពអ្វីនោះទេព្រោះបានធ្វើការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី១មិថុនារួចហើយ។

យោងតាមរបាយការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនៅខេត្តស្វាយរៀង បានឲ្យដឹងថា មានអ្នកចុះឈ្មោះបោះឆ្នោតនៅទូទាំងខេត្តស្វាយរៀង មានចំនួន៣៩៩២៣៩នាក់ មានឈ្មោះបោះឆ្នោត និងបានមកចុះឈ្មោះបោះឆ្នោត បានចំនួន៣២៨៦១២នាក់ ស្មើនិង៨៣,៣១ភាគរយ និងមានការិយាល័យបោះឆ្នោត៩២១កន្លែង៕