(កណ្ដាល)៖ លោក លឹម គានហោ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់​កណ្ដាលចុះជួយ​ស្រុកពញាឮ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិកសមាជិកា និងអ្នកគាំទ្រប្រមាណជាង២ម៉ឺននាក់ បើកយុទ្ធនាការ​ឃោសនារកសំឡេងឆ្នោត ថ្ងៃបិទបញ្ចប់។

​ថ្លែងមុនដំណើរយុទ្ធនាការ ទីដែលជួបជុំគ្នានៅម្ដុំជើងភ្នំឧដ្គុង លោក លឹម គានហោ បាន​ឲ្យដឹងថា សូមបងប្អូនត្រូវជឿជាក់​ទៅគណបក្សប្រជា​ជនកម្ពុជា ដោយនិយាយតែការពិតមិនចេះនិយាយកុហក ហើយប្រទេសអភិវឌ្ឍន៍រីកចម្រើនរាល់ថ្ងៃគឺ ​ដោយសារគណបក្សប្រជាជនកម្ពុជា​ ហេតុនេះបងប្អូនត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានជំហរយ៉ាងរឹងមាំបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ​គឺបង្កើន សន្តិភាព ប្រទេសជាតិ មានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងៗ ហើយបងប្អូនមានសិទ្ធិសេរីភាព ក្នុងការដើរហើរទៀត ដោយគ្មានការភ័យខ្លាចដូច្នេះ​ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា​។

លោកប្រធានក្រុមការងារ​ បានផ្ដាំផ្ញើឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសញ្ញាសម្គាល់ឲ្យបានគ្រប់ៗ​គ្នា នៅតាមការិយាល័យបោះឆ្នោត ដែលស្ថិតនៅក្នុងឃុំរបស់បងប្អូន ហើយសូមមេត្តាកុំភ្លេចនាំយក​នូវអត្តសញ្ញាណប័ណ្ណ ឬ​ឯកសារតម្រូវផ្សេងៗ ទៅជាមួយ ដើម្បីទទួលបានសិទ្ធិបោះឆ្នោតស្របច្បាប់។

សូមជម្រាបថា បន្ទាប់ពីស្ដាប់ការថ្លែងសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញរួច ទើបលោក លឹម គានហោ បានដឹកនាំសមាជិកសមាជិកា និងអ្នកគាំទ្រ ហែក្បូនឃោសនាក្នុងមូលដ្ឋានស្រុកពញាឮ៕